រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ១ឆ្នាំមកនេះ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរឆ្លងកាត់ទ្វីបទាំង៥ ដើម្បីបំពេញការងារនៅក្រៅប្រទេស
ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា រយៈពេល១ឆ្នាំមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៥ របស់ពិភពលោក ក្នុងនោះមានទ្វីបអាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប និងអូសេអានី និងប្រទេសចំនួន១៦ ដើម្បីបំពេញការងារការបរទេស និងទាក់ទាញវិនិយោគដ៏មមៀញញឹក និងសកម្ម។
ក្នុងសន្និសីទសារព័ត៌មាន បង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ បានមានប្រសាសន៍ថា សម្តេចបានចូលរួមក្នុងជំនួបកំពូល តំបន់ប្រជុំអន្ដរជាតិមួយចំនួនរួមមាន៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅញូវយ៉កសហរដ្ឋអាមេរិក វេទិការខ្សែក្រវ៉ាត់ និងផ្លូវនៅប៉េកាំង ប្រទេសចិន ជំនួបកំពូលអាស៊ានក្រុមប្រឹក្សាកិច្ចសហប្រតិ្ដបត្ដិការ ឈូកសមុទ្រពែក្ស កិច្ចប្រជុំកំពូលរំលឹកអនុស្សាវរីយ៍ ដើម្បីអបអរសាទរ ឆ្នាំទី៥០ នៃមិត្ដភាព និងកិច្ចសហប្រត្ដិបត្ដិការ អាស៊ាន ជប៉ុន នៅតូត្យូ ប្រទេសជប៉ុន ជំនួបកំពូលពិសេសអាស៊ាន អូស្រ្ដាលី នៅមែលប៊ន ប្រទេសអូស្រ្ដាលី។ល។
ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ បន្ថែមថា ម៉្យាងទៀត វត្តមានសម្តេចធិបតី សុទ្ធសឹង តែជាទស្សនកិច្ចផ្លូវការនៅបណ្ដាប្រទេសមិត្ដជិតខាង បណ្ដាមិត្ដក្នុងតំបន់ និងមិត្ដក្នុងលោក រួមមាន៖ ទស្សនកិច្ចនៅចិន វៀតណាម បារាំង ថៃ ម៉ាឡេស៊ី ឡាវ កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម។ល ៕