ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ កម្ពស់៩ម៉ែត្រ នៅវត្តគីរីរុក្ខារាមថ្មរមៀល
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ កម្ពស់៩ម៉ែត្រ នៅវត្តគីរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដល់កងកម្លាំងក្រោមឳវាទ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញ លោកអធិការក្រុង/ស្រុកចំនួន៦ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការ ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ ធានាឲ្យបានទាំងស្រុងនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរះជនសំខាន់ៗ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម ពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ កម្ពស់៩ម៉ែត្រ នៅវត្តគីរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ៕