ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយគរុសិស្ស គរុនិស្សិត ដែលទើបប្រឡងជាប់ជាគ្រូបង្រៀនអនុវិទ្យាល័យ
ភ្នំពេញ៖ គរុសិស្ស គរុនិស្សិត ដែលទើបប្រឡងគ្រូបង្រៀនអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ ដែលកំពុងទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សរុបចំនួន ៦២នាក់ ទទួលបានឱកាសជួបដោយផ្ទាល់ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ពិធីជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភី នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងវិទ្យាស្ថានបច្ចេកទេសកំពង់ឈើទាល ខេត្តកំពង់ធំ តំណាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។
ស្ថិតក្នុងបរិយាកាសស្និតស្នាល នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភី ដែលបច្ចុប្បន្ន ជាគរុសិស្ស និងគរុនិស្សិត បានចូលរួមមតិយោបល់ ក៏ដូចជាចែករំលែកបទពិសោធ នៃការចូលរួមប្រឡងប្រជេងកន្លងមកផងដែរ។
គួររំលឹកថា ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរៀបចំកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីផ្អែកតាមវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល បានការរៀបចំប្រឡងជ្រើសរើសមន្ត្រីរាជការផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត“។ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលផ្អែកលើនិយាមនីតិវិធីប្រតិបត្តិថ្មី ចំនួន ០៧លើក មានបេក្ខជនចូលរួមសរុបចំនួន ៨១.៩០៧ នាក់ (នារី ៥៤,៩៥៩ នាក់) និងជ្រើសរើសបានមន្ត្រីថ្មីចំនួន ២,៣២២នាក់ ៕