ឯកឧត្តម ចាន់ ស៊ីណាត ជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមបេសកកម្ម ADB
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មកពីទីស្នាក់ការកណ្តាល ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តតាកែវ និងខេត្តកំពង់ចាម ព្រមទាំងគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Alvin Lopez មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបរិស្ថាន ទឹក កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិក្នុងប្រទេសកម្ពុជា ហើយដែលបេសកកម្មនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំមានគោលបំណងស្វែងរកការពិតជាមូលដ្ឋានសម្រាប់បង្កើត និងកសាងផែនការការងារ ដើម្បីបន្តអនុវត្តការងារគម្រោងកែលម្អវិស័យធារាសាស្រ្ត ដោយធ្វើទំនើបកម្មវិស្វកម្ម ដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយជាអតិបរមានូវហានិភ័យដែលបង្កឡើងដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្រោមការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងដោយមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម នឹងអនុវត្តគម្រោងនេះនៅក្នុងខេត្តចំនួន ៤គឺ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តតាកែវ និងខេត្តកំពង់ចាម ៕