បក្សកាន់អំណាចជប៉ុន នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២៧ កញ្ញា
តូក្យូ៖ គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានប្រកាសនៅថ្ងៃអង្គារទី ២០ ខែសីហាថា ខ្លួននឹងជ្រើសរើសមេដឹកនាំថ្មី ដែលនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ នៅថ្ងៃទី ២៧ ខែកញ្ញា។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការប្រកាសលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីសប្តាហ៍មុន បន្ទាប់ពីការស្ទង់មតិបានបង្ហាញពីការវាយតម្លៃធ្លាក់ចុះសម្រាប់រដ្ឋាភិបាលរបស់លោក។ យុទ្ធនាការដើម្បីក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) បន្ទាប់នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែកញ្ញាជាមួយនឹងការបោះឆ្នោតពីរសប្តាហ៍ក្រោយមក។
ការប្រកាសលាលែងរបស់លោក គីស៊ីដា នៅថ្ងៃទី ១៤ ខែសីហា មានន័យថាការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកនឹងត្រូវបញ្ចប់ក្នុងខែកញ្ញា បន្ទាប់ពីកាន់តំណែងបានបីឆ្នាំ។ ការគាំទ្រជាសាធារណៈលើលោក គីហ្ស៊ីដា ធ្លាក់ចុះ បានជំរុញឱ្យគាត់មិនឈរឈ្មោះសាជាថ្មីក្នុងបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP)។ ប្រទេសសេដ្ឋកិច្ចធំទីបួនរបស់ពិភពលោកមួយនេះនឹងត្រូវជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ខណៈកំពុងប្រឈមនឹងការកើនឡើងនៃថ្លៃរស់នៅខ្ពស់ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការវិលត្រឡប់ដ៏មានសក្តានុពលរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅឆ្នាំក្រោយ៕