ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាស្តីពី លក្ខណៈនៃអ្នកដឹកនាំសម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបឋកថា ស្តីពីលក្ខណៈនៃអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៤៦នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកពីសកម្មភាពចុះពិនិត្យមើលការងារនៅតាមមូលដ្ឋានសុខាភិបាលក្នុង ខេត្ត កំពង់ស្ពឺ ក្រុងព្រះសីហនុ និង ខេត្តកោះកុងនាពេលកន្លងមក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបង្ហាញពីមនោសញ្ចេតនាគិតគូរបារម្ភពីសុខទុក្ខក្នុងជិវិតរស់នៅនិងការងាររបស់បុគ្គលិកសុខាភិបាលទាំងអស់ជាពិសេសអ្នករស់នៅតាមតំបន់ដាច់ស្រយាល។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបថកឋាពីលក្ខណៈនៃអ្នកដឹកនាំដឹកនាំដែលមានប្រសិទ្ធិភាព ដែលតម្រូវអោយអ្នកដឹកនាំម្នាក់ៗចាប់ផ្តើមដោយធ្វើការដឹកនាំខ្លួនឯងជាមុន មុននឹងឈានដល់ដឹកនាំអ្នកផ្សេង និងឈានទៅដល់ការដឹកនាំអង្គភាព។ដើម្បីដឹកនាំខ្លួនឯងបាន អ្នកដឹកម្នាក់ៗនាំត្រូវ (១)ស្គាល់ពីចំនុចខ្លាំងនិងចំនុចខ្សោយរបស់ខ្លួនឯងនិងចេះគ្រប់គ្រងខ្លួនឯង (២)យល់ដឹងពីសង្គម និង (៣)ចេះគ្រប់គ្រងការទំនាក់ទំនង។ អ្នកដឹកនាំត្រូវវាយតំលៃពីចរិកលក្ខណៈនៃការដឹកនាំរបស់ខ្លួនដែលអាចមានជាប្រភេទ Direct/dominance, Influence, Steadiness or Compliance។
ឯកឧត្តមសាស្រ្តាចារ្យផ្តាំផ្ញើឱ្យអ្នកដឹកនាំនៅក្នុងស្ថាប័នសុខាភិបាលទាំងអស់បន្តហ្វឹកហាត់ ប្រើប្រាស់របៀបរបបដឹកនាំទាំង៤ប្រភេទខាងលើ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានចូលរួមធ្វើបទបង្ហញពីការប្រើប្រាស់ PDIA លើបដិសណ្ឋារកិច្ចនៅមន្ទីរពេទ្យ។ បទបង្ហាញនេះបានរំលេចពីតម្រូវការចាំបាច់ នៃការរៀបចំឱ្យមានការបដិសណ្ឋាកិច្ចល្អនៅតាមមន្ទីរពេទ្យដើម្បីបង្កើនទំនុកចិត្តរបស់អ្នកជំងឺនិងក្រុមគ្រួសារ។ ក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងក៏បានទទួលធាតុចូលបន្ថែមជាច្រើនពីដាក់ដឹកនាំ និងពីមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើការនេះឱ្យកាន់តែប្រសើរនាពេលខាងមុខ។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕