សិក្ខាកាមចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំគោលការណ៍ណែនាំគំរូ សម្រាប់លើកម្ពស់សុវត្ថិភាពចរាចរណ៍នៅតាមតំបន់សាលារៀន
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំគោលការណ៍ណែនាំគំរូ សម្រាប់លើកម្ពស់សុវត្ថិភាពចរាចរណ៍នៅតាមតំបន់សាលារៀន។
សិក្ខាសាលានេះមានការអញ្ជើញចូលរួម ឯកឧត្តម ថ្នាក់ដឹកនាំ លោកលោកស្រី មកពីតំណាងអន្តរក្រសួងស្ថាប័ន គ្រប់មន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍សាធារណៈ និងវិស័យឯកជន លោកគ្រូ-អ្នកគ្រូឪពុកម្តាយដែលជាអាណាព្យាបាលសិស្សានុសិស្ស ពិសេសគឺការសហការៀបចំសម្របសម្រួលកម្មវិធីរបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ សរុបទាំងអស់ប្រមាណ ជិត ៦០ រូប។
គោលបំណងសិក្ខាសាលាធ្វើឡើងដើម្បីប្រមូលធាតុចូល និងរួមចំណែកក្នុងការអនុវត្តផែនការ សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០ និងការរៀបចំបង្កើតឱ្យមានគោលការណ៍ណែនាំគំរូសម្រាប់លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកុមារ និងក្មេងជំទង់ នៅតាមតំបន់ សាលារៀន ឈានដល់ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ៕