ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង(SC)នៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមការងារគណៈកម្មាធិការសម្របសម្រួលការអនុវត្តគម្រោង រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរដ្ឋបាលខេត្តគោលដៅអនុវត្តគម្រោងទាំង៥ រួមមាន៖ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធ ប្រមាណ៥០រូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បី៖
១.ការបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារនៃការអនុវត្តគម្រោងរបស់ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន ធៀបទៅនឹងផែនការសកម្មភាពរយៈពេល១៦ខែនៃដំណាក់កាលការងារដំបូងរបស់ខ្លួន។
២.ការបង្ហាញអំពីដំណើរនៃការដោះស្រាយផលប៉ះពាល់ទីតាំងសាងសង់ទីលាន និងផ្លូវចូលទៅកាន់ទីលានចាក់សំរាមនៅខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ និងការផ្តល់អនុលោមភាពលើការកំណត់ទីតាំងទីលានចាក់សំរាមថ្មីនៅខេត្តកណ្តាល។
៣.ពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់អនុសាសន៍ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងនេះ ៕