មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអនុគណៈកម្មការ សារព័ត៌មាន និងផ្សព្វផ្សាយបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរ និងសំណើលើគម្រោងសកម្មភាព និងថវិកាឡើងវិញរបស់បណ្តាអគ្គនាយកដ្ឋាននីមួយៗដែលត្រូវចូលរួមរៀបចំកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ។
កិច្ចប្រជុំផ្ទៃក្នុងរបស់អនុគណៈកម្មការ សារព័ត៌មាន និងផ្សព្វផ្សាយក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម ហ៊ុយ សារ៉ាវុធ បានគូសបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះដើម្បីពិនិត្យឡើងវិញលើវឌ្ឍនភាពនៃដំណើរការងារត្រៀមឆ្ពោះទៅកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពី (ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម “ ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេស តាមបណ្តាអគ្គនាយកដ្ឋានចំណុះអោយក្រសួងព័ត៌មាន បានលើកឡើងនូវផែនការសកម្មភាពការងារដែលត្រូវអនុវត្តន៍តាំងពីមុនដំណើរការកិច្ចប្រជុំ ក្នុងពេលនៃកិច្ចប្រជុំ និងពេលប្រជុំចប់ ដើម្បីធានាអោយការយកព័ត៌មាន ថតផ្សព្វផ្សាយអោយបានល្អ គ្រប់ទិដ្ឋភាពនៃកិច្ចប្រជុំ និងដំណើរទស្សនកិច្ចនានារបស់គណៈប្រតិភូដែលមកចូលរួមប្រជុំ ព្រមទាំងកិច្ចការងារជាច្រើនទៀតដែល អនុគណៈកម្មការ សារព័ត៌មាន និងផ្សព្វផ្សាយក្រសួងព័ត៌មាន បានត្រៀមរួចរាល់អស់ហើយ ។
គួររំលឹកដែរថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់ ៥ឆ្នាំម្តង ហើយ កម្ពុជា គឺ ជាប្រទេសទី ៥ នៅលើសកលលោក និង ជា ប្រទេស ដំបូងគេ បង្អស់ ក្នុងតំបន់អាស៊ី ដែលធ្វើជា ប្រធាន និង ជាម្ចាស់ផ្ទះដឹកនាំ កិច្ចប្រជុំនេះ ។
កិច្ចប្រជុំលើកទី១ ធ្វើនៅ ប្រទេស កេនយ៉ា ឆ្នាំ ២០០៤ លើកទី២នៅប្រទេស កូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣ នៅ ប្រទេស ម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤ នៅប្រទេស ន័រវែស ឆ្នាំ២០១៩ និងលើកទី៥ នៅ ប្រទេស កម្ពុជា នាខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ។នេះ ។
កម្ពុជា បានជ្រើសយក ទឹកដី អង្គរ ខេត្ត សៀមរាប សម្រាប់ ការ រៀបចំ កិច្ចប្រជុំ នឹង មានការ ចូលរួម ពី រដ្ឋសមាជិក ចំនួន ១៦៤ ប្រទេស និង រដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ -ស្ថាប័ន ពិភពលោក ជាច្រើនទៀត ។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ មើលលើ វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង មក ។
ឯកឧត្តម ហ៊ុយ សារ៉ាវុធ មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សកម្មភាពមីន នៅតែជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ។ ក្នុងឆ្នាំ២០០០ កម្ពុជាបានដាក់ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះទៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងបានបញ្ចូលទៅក្នុងគោលដៅទី១៨ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តការពារសន្តិភាព និងស្ថិរភាពជូនជាតិ និងដឹកនាំប្រទេសឆ្ពោះទៅរកកម្ពុជាដែលគ្មានមីន។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ កម្ពុជាបានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលបង្ហាញពីវិធីសាស្ត្រដែលកម្ពុជាដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ផែនការយុទ្ធសាស្ត្រនេះ ក៏បង្ហាញផងដែរអំពីការត្រៀមខ្លួនសម្រាប់ដោះស្រាយ បញ្ហាគំរាមកំហែងទាំងឡាយដែលនៅសេសសល់។ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ដាក់ចេញគោលបំណង ចំនួន៨ ដែលអនុលោមតាមគោលការណ៍របស់
ម៉ាពុយតូ+១៥ ។
អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញា របស់ អង្គការ សហប្រជាជាតិ និង ជា ការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ ៕