អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តឲ្យសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះ ខិតខំរៀនសូត្រ ដោយ “អ្នកចេះគឺជាប់”
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានលើកឡើងថាសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១២ ដែលនឹងត្រៀម ប្រឡងមធ្យមសិក្សាទុតិយភូមិនៅសល់រយៈពេល ៤៨ ថ្ងៃទៀតនេះគឺប្អូនៗចេះនិងប្រឡងជាប់ ឯកឧត្តមអភិបាលខេត្តមាន ប្រសាសន៍ដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់និងវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ទាំងពីរវិទ្យាល័យ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ការប្រឡងទាមទារឲ្យយើងមានចំណេះវិជ្ជាចេញពីខ្លួនឯងទើបក្មួយៗអាចប្រឡងជាប់បានល្អ ថ្ងៃប្រឡងយើងត្រូវគ្រប់ គ្រងអារម្មណ៍បានល្អវាជារឿងមួយសំខាន់ កាលណាយើងគ្រប់គ្រងអារម្មណ័មិនបានល្អ ធ្វើឲ្យយើងបាត់ការចងចាំ និងត្រូវទៅដល់មណ្ឌលប្រឡងឲ្យបានមុនម៉ោង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអារម្មណ៍បានល្អ ទើបទទួលបានជោគជ័យ ។ យើងនៅមានពេលវេលាសម្រាប់ការសិក្សាស្រាវ ជ្រាវនូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់ជាការត្រៀមការប្រឡងសញ្ញាបត្រនាពេលខាង មុខ។ រាជរដ្ឋាភិបាលបានធ្វើការកសាង និងកែទម្រង់នូវប្រពន្ធអប់រំឈានឆ្ពោះទៅកាន់គោលដៅក្នុងការបង្កើននូវធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើ និងការ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ រាជរដ្ឋាភិបាលបានរុញសាលារៀនឲ្យនៅជិតនិងក្មួយៗ នេះជាការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឲ្យក្មួយៗខិតខំរៀនសូត្រដើម្បីប្រលងជាប់ទាំងអស់គ្នានិងជាប់និទ្ទេស A ឱ្យបានកាន់តែច្រើនអាជ្ញាធរនិងមានរង្វាន់លើកទឹកចិត្តផងដែរ។ដូចនេះប្អូនៗមិនត្រូវជឿលើការញុះញង់ជនអគតិមួយចំនួនតូចដែលបង្កឲ្យអសន្តិសុខនៅក្នុងសង្គម ត្រូវជឿលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំកសាងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ មាតុភូមិនិងប្រជាពលរដ្ឋមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន ជាពិសេសជំរុញវិស័យអប់រំឲ្យឱ្យមានការរីកចម្រើនព្រោះប្រទេសជាតិមួយមានការអភិវឌ្ឍទាមទារធនធានមនុស្សមានចំណេះដឹងជាចម្បង។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តក៏បាននាំយកនូវថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនបំប៉នដល់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រលងនាពេលខាងមុខនេះផងដែរ៕