ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅឥណ្ឌា សំដៅទាក់ទាញទេសចរ និងវិនិយោគិនឥណ្ឌា មកទកម្ពុជា កាន់តែច្រើនថែមទៀត
ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024 នៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃនាចុងខែសីហា ដែលពិព័រណ៍នេះមានអ្នកទិញចំនួនជាង៦០០ក្រុមហ៊ុន អ្នកលក់ចំនួនជាង៥០០ក្រុមហ៊ុន មកពីជាង២០ប្រទេសលើពិភពលោក ខណៈអ្នកចូលទស្សនាប្រមាណជាង១ម៉ឺននាក់។
ក្រសួងបានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ធ្វើនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ Yashoboomi រដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងដៃគូពាក់ព័ន្ធជ្រាបជាព័ត៌មាន និងចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារឥណ្ឌា និងអន្តរជាតិ។
យ៉ាងណាមិញ ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះ គឺក្រសួងមានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យ ទេសចរណ៍កម្ពុជាដើម្បីជំរុញ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌា ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» សំដៅទាក់ទាញទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត។
តាមការកត់សម្គាល់ ក្នុងឆ្នាំនេះ កម្ពុជា និងឥណ្ឌា មានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនបន្តបន្ទាប់ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងទីផ្សារប្រទេសទាំងទ្វេ។ ជាក់ស្ដែង ជើងហោះហើរត្រង់ និងដំបូងរវាងរាជធានីភ្នំពេញ-រដ្ឋធានីញ៉ូដេលី បានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ជើងហោះហើរនេះដំណើរការ៤ជើងក្នុងមួយសប្តាហ៍ ក្នុងនោះមានថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus ៣២០។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ ជឿជាក់ដែរថា ផ្លូវហោះហើរថ្មីនេះត្រូវបានរំពឹងថា នឹងជោគជ័យដោយសារតែការចែករំលែកកេរដំណែលសាសនា និងទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា និងឥណ្ឌា។ ការតភ្ជាប់នេះមិនត្រឹមតែបង្កើនទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនផងដែរ៕