នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវដល់សារៈមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ បន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ» នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវយ៉ាងទទូចដល់សារៈមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ ឱ្យបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ចាត់ទុកការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើមវិញនោះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព មិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកតម្លៃវប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ៕