ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសរំលេចពីអត្ថន័យដ៏សំខាន់ ២ នៃការវិលត្រឡប់ របស់បេតិកភណ្ឌ មកមាតុភូមិកំណើតវិញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចពីអត្ថន័យដ៏សំខាន់ចំនួន ២ នៃការវិលត្រឡប់ របស់បេតិកភណ្ឌ មកកាន់មាតុភូមិកំណើត នោះគឺ សន្តិភាព និង ទំនុកចិត្តលើសមត្ថភាពស្ថាប័ន។
សម្ដេចបញ្ជាក់ថា អត្ថន័យដ៏សំខាន់ទាំង ២នោះរួមមាន៖
ទី១៖ សន្តិភាព គឺពិតជា មានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ នូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និង ឯកភាពជាតិ របស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ, មានសុវត្ថិភាព សម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ ។
សម្ដេចធិបតី លើកឡើងថា បើគ្មានសន្តិភាព, រាជរដ្ឋាភិបាលកម្ពុជា ក៏ពុំមានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធ ទាមទារបេតិកភណ្ឌទាំងនេះ ត្រឡប់មកវិញ។
បើគ្មានសន្តិភាព, មិត្តបរទេសយើងក៏មិនសហការជួយ ជ្រោមជ្រែងទំនុកបម្រុងឱ្យបេតិកភណ្ឌទាំងនេះ ត្រឡប់មកស្រុកកំណើតវិញដែរ, ពីព្រោះមិត្តរបស់យើង ក៏មានកាតព្វកិច្ចជួយការពារបេតិកភណ្ឌ ហើយពួកគេពិតជាមិនអាចបញ្ចូនបេតិកភណ្ឌ ដែលមានតម្ល មហាសាល ទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម អសន្តិសុខ និង ចលាចលនោះទេ ។
ទី២៖ ទំនុកចិត្ត និង ការទទួលស្គាល់សមត្ថភាពស្ថាប័នរបស់កម្ពុជា នៅក្នុងការប្រយុទ្ធ តតាំង ការពារ ក៏ដូចជា សមត្ថភាពថែរក្សាបេតិកភណ្ឌ ឱ្យបានគង់វង្ស ស័ក្ដិសមជាប្រទេសកំណើតដើម នៃបេតិកភណ្ឌ ទាំងនោះ។ ទាល់តែគេជឿទុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបមិត្តបរទេស ក៏ដូចជាសហគមន៍អន្តរជាតិ ខិតខំសហការ ជួយបំផុសបំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជា ព្រោះគេទុកចិត្តថា កម្ពុជាមានសមត្ថភាពគ្រប់គ្រងថែរក្សា និង មានឆន្ទៈខ្ពស់បំផុត នៅក្នុងការខិតខំ ផ្សព្វផ្សាយ និង លើកស្ទួយគុណតម្លៃនៃបេតិកភណ្ឌទាំងនោះ ទៅកាន់សហគមន៍អន្តរជាតិ ក្នុងនាមជា ប្រជាជាតិម្ចាស់ដើម ៕