សម្តេចធិបតី៖ វត្ថុបុរាណដែលយើងទទួលបានមកវិញ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពិធីនេះ ជាព្រឹត្តិការណ៍ប្រកបដោយមោទនភាពទាំងសម្រាប់ប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិទាំងមូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិធីនេះដែរ ក៏ជាសក្ខីភាពនៃការទទួលស្គាល់គុណតម្លៃដ៏ល្អឯកនៃអត្តសញ្ញាណកេរ្តដំណែលវប្បធម៌ក្នុងប្រវត្តិសាស្រ្តដែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយក៏ដូចជាសម្រាប់មនុស្សជាតិគ្រប់រូបនៅលើសកលលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា វត្ថុបុរាណដែលយើងទទួលបានមកវិញនេះ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ ៕