សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែលចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីបញ្ហាការជួញដូរសម្បត្តិវប្បធម៌
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីបញ្ហាការជួញដូរសម្បត្តិវប្បធម៌នៅលើពិភពលោកនាសម័យទំនើបនេះ ដើម្បីចូលរួមបំផុសយុទ្ធនាការសកលទប់ស្កាត់ការចរចានិងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និងទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ ៕