សម្តេចធិបតី៖ គ្មានវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងធ្វើការស្រាវជ្រាវរកវត្ថុបុរាណរបស់ខ្មែរជាបន្ត ព្រោះគ្មានវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូនតានិងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែសរុបចំនួន ១.០៩៨វត្ថុ ក្នុងនោះ ៥៧១វត្ថុត្រូវបានប្រគល់ដោយសប្បុរសជន ៥២៧វត្ថុត្រូវបានប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា មកវិញពីប្រទេសចំនួន១៥ ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រា្តលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុគ្រី នូវេលហ្សេឡង់ និងចិន។
ទន្ទឹមនេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ថ្ងៃនេះយើងកំពុងប្រារព្ធពិធីទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិសរុបចំនួន ៧០ វត្ថុ ក្នុងនោះមានវត្ថុចំនួន ១៤ ដែលបានប្រគល់មកវិញពីសារៈមន្ទីរ Metropolitan Museum of Art នៃទីក្រុងញ៉ូវយ៉ក និង ៥៦ រូបទៀតបានប្រគល់មកវិញពីអ្នកប្រមូលសមុច្ច័យឯកជននានានៅសហរដ្ឋអាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញទទួលវត្ថុបុរាណខ្មែរនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ៕