សម្តេចធិបតី រំលឹកពីប្រវត្តិបដិមាទេព ៩អង្គ ដែលត្រូវគេលួចយកចេញពីប្រាសាទចិន ក្នុងក្រុមប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកអំពីប្រវត្តិនៃបដិមាទេព ចំនួន ៩ អង្គ ដែលត្រូវបានគេលួចយកចេញដោយខុសច្បាប់ពីប្រាសាទចិន ស្ថិតក្នុងក្រុមប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ។
ក្នុងឱកាសអញ្ជើញទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដំណើររឿងនេះ គឺចាប់ផ្តើម តាំងពីជាងមួយពាន់ឆ្នាំមុនម្ល៉េះ នៅពេលដែលព្រះបាទជ័យវរ្ម័នទី៤ បានដឹកនាំកសាងរាជធានីនៅកោះកេរ ហើយបានឱ្យគេឆ្លាក់រូបបដិមាទោលចំនួន ៩ អង្គ ដ៏រស់រវើក និង ស្កឹមស្ពៃ ដែលពិពណ៌នាអំពីឈុតឆាកប្រយុទ្ធដ៏ល្បីល្បាញមួយរវាងវង្សក្សត្របាណ្ឌព និង កៅរព ក្នុងវីរកថា មហាភារត។ តំបន់ប្រាសាទ កោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ នៅក្នុងទសវត្សរ៍ឆ្នាំ ៧០ រហូតដល់ ៩០ នៅពេលដែលកម្ពុជាកំពុងមានសង្គ្រាមស៊ីវិល និង អសន្តិសុខ។
សម្តេចធិបតី បញ្ជាក់ថា «ការស្វែងរក និង ការវិលត្រឡប់មកវិញនៃទេពរបស់វង្សក្សត្រទាំងពីរ បានប្រព្រឹត្តទៅអស់ជាង ១០ ឆ្នាំមកហើយ តាំងពីជំនាន់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំការងារនេះ ដោយស្វិតស្វាញបំផុត ហើយទទួលបានរូបបដិមាចំនួន ៥ រូប មកកម្ពុជាវិញនាឆ្នាំ ២០១៣ និង ឆ្នាំ ២០១៤ ។ តាមរយៈ ការងារជាបន្តរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, មកដល់ពេល បច្ចុប្បន្ននេះ យើងបានទទួលមកវិញនូវបដិមាទេពចំនួន ៨ អង្គ ដោយក្នុងនោះបដិមា ២ អង្គ កំពុងស្ថិត នៅចំពោះមុខអង្គពិធីនាពេលនេះ។ ព្រះបដិមាអង្គចុងក្រោយដែលគេស្គាល់ថា ព្រះក្រឹស្ណៈ ក្រុមការងារ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពុងបន្តយុទ្ធនាការស្វែងរក ដើម្បីបង្គ្រប់ឈុតឆាកដ៏អស្ចារ្យមួយនេះ ឡើងវិញ ដែលក៏នឹងក្លាយជានិមិត្តរូបដ៏មានតម្លៃនៃការជួបជុំ»។
សម្តេចធិបតី មានប្រសាសន៍ថា ការចរាចរ និងជួញដូរវត្ថុបុរាណ ជាបញ្ហាសកល ដែលកើតមានឡើងនៅតាមប្រទេសជាច្រើននៅ ទូទាំងសកលលោក ហើយដែលភាគច្រើនត្រូវបានប្រព្រឹត្តឡើងដោយមានលក្ខណៈជាប្រព័ន្ធ និងមាន ទ្រង់ទ្រាយធំប្រទាក់ក្រឡាដ៏ស្មុគស្មាញ តាមរូបភាពផេ្ទរក្លែងបន្លំប្រវត្តិ និងប្រភពដើមនៃសម្បត្តិវប្បធម៌ ដើម្បីលួចនាំចេញដោយខុសច្បាប់ឆ្លងកាត់ព្រំដែន។ ការប្រឆាំងទប់ស្កាត់ អាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែប្រទេសទាំងអស់ចាត់វិធានការរួមគ្នា ទាំងក្នុងកម្រិតជាតិ និង អន្តរជាតិ។
សម្តេចធិបតី គូសបញ្ជាក់ថា កិច្ចសហការរវាង ប្រទេស និង ប្រទេស ក៏ដូចជាក្នុងក្របខណ្ឌនៃអង្គការអន្តរជាតិនានា ដែលនាំមុខដោយអង្គការយូណេស្កូ ជាមួយសហគមន៍នានា ឬ ឯកជនក្តី លើកិច្ចគាំពារថែរក្សាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ជាគំរូ ដ៏មានតម្លៃ និង មានសារៈសំខាន់បំផុត ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកំពុងតែកើតមាននូវការផ្លាស់ប្តូរ ជាវិជ្ជមាននៃសាធារណមតិ ក៏ដូចជានិន្នាការនៃសីលធម៌ និង គុណធម៌សកលលោក ដែលយល់ឃើញ កាន់តែច្រើនឡើងៗថា មរតកបេតិកភណ្ឌនៃប្រទេសមួយ គួរតែបានវិលត្រឡប់ទៅកាន់ប្រទេសដែលជា មាតុភូមិកំណើតនោះវិញ៕