សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលអំណោយរថយន្ត Toyota Hilux Revo Rally និង Toyota Fortuner ដែលទើបត្រូវបានដំឡើងក្នុងស្រុកជាលើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលអំណោយរថយន្ត Toyota Hilux Revo Rally និង Toyota Fortuner ចំនួន ០៣ គ្រឿង ដែលទើបត្រូវបានដំឡើងក្នុងស្រុកជាលើកដំបូង ដោយនេះគឺជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងវិស័យយានយន្តរបស់កម្ពុជា ។
ឯកឧត្តម មែ ស៊ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចធិបតី សម្តែងនូវការពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការបើកដំណើរការរោងចក្រដំឡើងដំឡើងរថយន្តនៅកម្ពុជា និងបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលផ្តល់អំណោយជារថយន្តទាំងបីគ្រឿង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះពិតជាបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ។
ក្នុងនាមក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd, លោកឧកញ៉ា គង់ នួន បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងបានផ្តល់ការគាំទ្រឥតឈប់ឈរដល់ក្រុមហ៊ុន Toyota កន្លងមក និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការលើកកម្ពស់វិស័យយានយន្តនៅកម្ពុជា ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាពក្នុងតំបន់ ៕