រយៈពេល៣ឆ្នាំមកនេះ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប បានផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងរលូន
ភ្នំពេញ៖ នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមណ្ឌលផ្តល់សេវាសាធារណៈ ផ្សារទំនើបហេរីថេកវ៉ក និងនាំយកបណ្ណសរសើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចែកជូនដល់មន្ត្រីផ្ដល់សេវារបស់មណ្ឌល ដែលបានខិតខំបំពេញការងារ។
លោកប្រធានមន្ទីរបានមានប្រសាសន៍ថា ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការជាផ្លូវមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីជួយសម្រួលក្នុងការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង ហើយរហូតមកដល់ពេលនេះ មានរយៈពេល៣ឆ្នាំហើយ ជាលទ្ធផលឃើញថា មណ្ឌលផ្តល់សេវាសាធារណៈនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងរលូនផងដែរ។
សូមជម្រាបជូនថា មណ្ឌលផ្តល់សេវាសាធារណៈ ហេរីថេកវ៉ក ជាមណ្ឌលផ្តល់សេវាទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២១ មានទីតាំងស្ថិតនៅផ្សារទំនើបហេរីថេក វ៉ក ជាន់ទី២ មានទទួលសេវាសាធារណៈដូចជា ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ប្ដូរបណ្ណបើកបរជនជាតិខ្មែរ និងជនបរទេស ដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។
នៅក្នុងឆ្នាំ២០២៣កន្លងទៅ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបហេរីថេកវ៉ក បានផ្តល់សេវាជូនប្រជាពលរដ្ឋ មានដូចជា៖ ការងារចុះបញ្ជីយានយន្តសរុបបាន ៣០៨គ្រឿង ការងារផ្តល់បណ្ណបើកបរយានយន្តសរុបបាន១០៦៦បណ្ណ។ សម្រាប់លទ្ធផលឆមាសទី១ ឆ្នាំ២០២៤ ការងារចុះបញ្ជីយានយន្តសរុបបាន ១៤៤គ្រឿង ការងារផ្តល់បណ្ណបើកបរយានយន្ត សរុបបាន ៥៥៨បណ្ណ ៕