សម្ដេចធិបតី៖ រយៈពេល១ឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្របើកថ្មីចំនួន ២៧៥រោងចក្រ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រយៈពេល១ឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្របើកថ្មីចំនួន ២៧៥រោងចក្រ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣ – ២២ សីហា ឆ្នាំ២០២៤ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី បានមានប្រសាសន៍ថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហាឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៧,៦ពាន់លានដុល្លារ ដោយក្នុងនោះមានវិនិយោគិនមកពីបរទេសដូចជា ចិន អាមរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអ៊ែត រួមនឹងប្រទេសក្នុងតំបន់អាស៊ាន សភាពអ៊ឺរ៉ុប អូស្រ្ដាលី និងពីបណ្ដាប្រទេសជាច្រើនទៀត។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងថា ក្នុងរយៈពេល១២ខែ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗជាច្រើនដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបានកំពុងសាងសង់នូវគម្រោងធំៗជាច្រើនទៀត ដូចជាអាកាសដ្ឋានថ្មីរាជធានីភ្នំពេញ គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវរថភ្លើង និងគម្រោងធារាសាស្រ្តទឹកជាដើម ៕