បទវិភាគ៖សហភាពអឺរ៉ុបគួរបញ្ឈប់ទង្វើគាបសង្កត់លើឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន បើពុំនោះសោត នឹងក្លាយជាចង់ចំណេញបែរជាដាច់ចំណង
ថ្ងៃទី២០ខែសីហាតាមម៉ោងក្នុងតំបន់ គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយការត្រៀមប្រកាសពីព័ត៌មានអំពីការកាត់ក្តីចុងក្រោយស្តីពីការស៊ើបអង្កេតចំពោះករណីប្រឆាំងឧបត្ថម្ភកធននៃរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន ហើយស្នើឱ្យយកពន្ធប្រឆាំងឧបត្ថម្ភកធនពី១៧ភាគរយដល់៣៦.៣ភាគរយ ក្នុងរយៈពេល៥ឆ្នាំលើរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិននិងសហភាពអឺរ៉ុបដែលផលិតនៅប្រទេសចិន។ប្រសិនបើទង្វើការពារនិយមផ្នែកពាណិជ្ជកម្មនេះត្រូវបានអនុវត្ត នោះវាមិនត្រឹមតែនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃឧស្សាហកម្មរថយន្តចិនតែប៉ុណ្ណោះ ថែមទាំងក៏នឹងបំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធរវាងចិននិងអឺរ៉ុបទៀតផងដែលបណ្តាលឱ្យអឺរ៉ុបទទួលរងនូវផលវិបាកដ៏អាក្រក់វិញ។
មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា បើប្រៀបធៀបនឹងលទ្ធផលនៃការកាត់ក្តីជាជំហានដំបូងដែលបានប្រកាសនៅខែកក្កដា លើកនេះ ភាគីអឺរ៉ុបបានកាត់បន្ថយក្នុងកម្រិតតិចតូចនូវអត្រាពន្ធចំពោះសហគ្រាសរថយន្តចិនមួយចំនួន។ សហភាពអឺរ៉ុបហាក់ដូចជាបានយោគយល់និងបន្ធូរបន្ថយគោលជំហរខ្លះ ប៉ុន្តែវាគ្រាន់តែធ្វើតែសំបកក្រៅនិងមិនបានកែប្រែធាតុពិតរបស់ខ្លួនដែលប្រើសប្រាស់ក្បួនច្បាប់និងនីតិវិធីរបស់អង្គការពាណិជ្ជកម្មពិភពលោកដោយខុសទំនង ធ្វើឱ្យឧបករណ៍ស៊ើបអង្កេតប្រែទៅជាអាវុធនិងបំផ្លាញដល់ការប្រកួតប្រជែងដោយយុត្តិធម៌ដោយជ្រកក្រោមស្លាក “ប្រកួតប្រជែងដោយយុត្តិធម៌”។
មិនថា អ្នកនយោបាយអឺរ៉ុបមួយចំនួនធ្វើការគាបសង្កត់ឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនីចិនក្នុងបំណងអ្វីក៏ដោយ ក៏ប៉ុន្តែមានចំណុចមួយគឺច្បាស់លាស់ ពោលគឺទង្វើរបស់ពួកគេ គឺបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ហើយរងការរិះគន់យ៉ាងទូលំទូលាយពីអ្នកនយោបាយនិងឥស្សរជនមកពីមជ្ឈដ្ឋានពាណិជ្ជកម្មអឺរ៉ុប។ ថ្នាក់ដឹកនាំដូចជាលោកScholzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជាដើមបានប្រឆាំងជាសាធារណៈចំពោះការដាក់កំហិតលើពាណិជ្ជកម្មរថយន្ត ហើយបានអំពាវនាវឱ្យរក្សាភាពយុត្តិធម៌និងសេរីភាពខាងពាណិជ្ជកម្ម។ប្រព័ន្ធផ្សព្វផ្សាយដូចជាកាសែត《The Times》របស់អង់គ្លេសបានចុះផ្សាយអត្ថបទដោយលើកឡើងថា សហភាពអឺរ៉ុបទាមទារឱ្យអ្នកប្រើប្រាស់ប្តូរទៅប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីផង ហើយប៉ុនប៉ងរារាំងការផ្គត់ផ្គង់រថយន្តដើរដោយថាមពលអគ្គិសនីដែលមានគុណភាពខ្ពស់និងតម្លៃថោកផង ទង្វើនេះពិតជាគួរឱ្យអស់សំណើចណាស់។
ធាតុពិតនៃកិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុបគឺបម្រើផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ជានិច្ចកាល ភាគីចិនតែងតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ធំបំផុត ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មឱ្យបានសមស្របជាមួយសហភាពអឺរ៉ុបតាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់។ប៉ុន្តែនេះមិនមែនមានន័យថា ភាគីចិននឹងឱបដៃឈរមើលផលប្រយោជន៍របស់ខ្លួនរងការខូចខាត ហើយក្លាយជា”គ្រឿងបូជា”នៃទង្វើការពារនិយមខាងពាណិជ្ជកម្មនោះទេ។ នៅថ្ងៃទី៩ខែសីហា ប្រទេសចិនបានដាក់វិធានការប្រឆាំងឧបត្ថម្ភកធនជាបណ្តោះអាសន្នមកលើរថយន្តដើរដោយថាមពលអគ្គិសនីរបស់សហភាពអឺរ៉ុបប្តឹងទៅយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក។នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ទៅកាន់មជ្ឈដ្ឋានខាងក្រៅថា ភាគីចិននឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។
យោងតាមរបៀបវារៈរបស់ភាគីអឺរ៉ុប បន្ទាប់ពីបញ្ចប់ការបង្ហើបការកាត់ក្តីចុងក្រោយនិងស្នើសុំមតិយោបល់ គណៈកម្មាធិការសហភាពអឺរ៉ុបនឹងដាក់សេចក្តីសម្រេចចិត្តចុងក្រោយជូនបណ្តារដ្ឋសមាជិកនានា ហើយនឹងធ្វើការកាត់ក្តីចុងក្រោយមុននឹងថ្ងៃទី៤ខែវិច្ឆិកា។ស្របពេលដែល”រយៈពេលសង្កេតការណ៍”ចុងក្រោយជិតចូលមកដល់ ភាគីអឺរ៉ុបត្រូវស្តាប់សំឡេងផ្ទៃក្នុងយ៉ាងយកចិត្តទុកដាក់ ថ្លឹងថ្លែងពីផលល្អនិងផលអាក្រក់ ហើយពន្លឿនការពិគ្រោះពិភាក្សាជាមួយប្រទេសចិនអំពីដំណោះស្រាយដែលសមស្រប ដើម្បីជៀសវាងកុំឱ្យវិវាទពាណិជ្ជកម្មឡើងកម្តៅ និងជៀសវាងកុំឱ្យប៉ះពាល់ដល់ទំនុកចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប។ បើពុំនោះសោត ភាគីអឺរ៉ុបនឹងក្លាយជាចង់ចំណេញបែរជាដាច់ចំណងជាក់ជាមិនខាន៕