មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងជាន់ខ្ពស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោក David Ginting តំណាងជាន់ខ្ពស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងសហការី តាមប្រព័ន្ធវីដេអូ ស្ដីពីការអនុវត្តគម្រោងធ្វើទំនើបកម្មវិស្វកម្មបណ្តាអាងទឹកក្នុងតំបន់ភាគពាយ័ព្យប្រទេសកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ព្រមទាំងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមមក ពីបណ្ដាខេត្តពាក់ព័ន្ធទាំងអស់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាពីការអនុវត្តគម្រោងសាងសង់ និងធ្វើទំនើបកម្មវិស្វកម្មលើបណ្តាអាងទឹកក្នុងបណ្ដាខេត្តនៅភាគពាយ័ព្យប្រទេសកម្ពុជា ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសកាត់បន្ថយបានជាអតិបរមានូវហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕