ឯកឧត្ដមទេសរដ្ឋមន្ត្រី បែន វិបុល អញ្ជើញចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅឯវិមានសន្តិភាព។
កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
ទី១. ការពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។
ទី២. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។
ទី៣. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
និងទី៤. បញ្ហាផ្សេងៗ៕