អាជ្ញាធរសុខាភិបាល៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅហ្គាហ្សាកើនឡើងដល់ ៤០,២៦៥នាក់
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារបន្តរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,២៦៥នាក់ហើយ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤២នាក់ និងរបួស ១៦៣នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,២៦៥នាក់ និងរបួសដល់ ៩៣,១៤៤នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលផ្ទុះឡើង។
អាជ្ញាធរសុខាភិបាលបានបន្តថា នៅមានជនរងគ្រោះមួយចំនួនទៀតជាប់នៅក្រោមគំនរបាក់បែក និងរាយប៉ាយនៅលើដងផ្លូវ ដោយសាររថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិលមិនអាចទៅដល់ពួកគេបាន។
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ាបានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា អណ្តូងទឹកដ៏សំខាន់ និងហេដ្ឋារចនាសម្ព័ន្ធអនាម័យត្រូវបានខូចខាតម្តងហើយម្តងទៀតពេញមួយសង្រ្គាម។
ទីភ្នាក់ងារនេះបានបន្ថែមថា ជាមួយនឹងភាពចង្អៀតណែន កង្វះអនាម័យ និងកំដៅដែលមិនអាចទ្រាំទ្របាន ការទទួលបានទឹកស្អាតនៅតែបន្តជាការតស៊ូនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។