សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦%
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ សីហានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។
សម្តេចធិបតី សង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន។
ទន្ទឹមគ្នានោះសម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចបានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេងសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញនាពេលខាងមុខ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ៕