មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យទីតាំងដំឡើងរ៉ាដាថ្មី ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ដំឡើងរ៉ាដាថ្មី ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការដំឡើងប្រព័ន្ធរ៉ាដាថ្មីមានសារសំខាន់បម្រើឱ្យការគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រកបដោយស័ក្ដិសិទ្ធិភាពខ្ពស់ ក្នុងភូមិសាស្រ្តអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងស្រុកស្អាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ រវាងក្រសួងធនធានទឹក និងឧតុនិយម រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC បានឯកភាពគ្នាអនុវត្តតាមផែនការការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅបរិវេណអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ៕