សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ គណិតវិទ្យាឲ្យមាំ នេះជាមូលដ្ឋានធំណាស់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ ដែលជាសកម្មភាពក្រៅផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ នេះហើយជាមូលដ្ឋានថំបំផុត ដើម្បីងាយស្រួលរកការងារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ម៉ោងដែលបង្រៀនបន្ថែម គឺផ្ដោតខ្លាំងប្រមាណ៨០ភាគរយ ទៅលើមុខវិទ្យាគណិតវិទ្យា និងមុខវិទ្យាភាសាខ្មែរ ខណៈភាសាអង់គ្លេស និងកុំព្យូទ័រ បន្ទាប់បន្សំបន្ថែម។
សម្តេចធិបតី លើកឡើងថា កូនខ្មែរបើសរសេរខ្មែរមិនត្រង់ជួរ គឺពិបាកណាស់ ទៅដាក់ពាក្យរកការងារធ្វើក៏ពិបាក ជួនកាលសរសេរមិនត្រូវន័យទៀតផង។
សម្តេចធិបតី បានសំណូមពរឲ្យឪពុក-ម្តាយ សហការជាមួយលោកគ្រូ-អ្នកគ្រូ ក្នុងការប្រដៅកូនរបស់ខ្លួន ឲ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេក រហូតនាំឲ្យកូនក្មេងខូចនោះទេ ៕