ប្រមុខរាជរដ្ឋាភិបាល៖ ពាក់ខោអាវល្អ មិនប្រាកដថា រៀនពូកែ ហើយឥរិយាបថល្អ នោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ស្លៀកពាក់ខោអាវល្អ មិនប្រាកដថា រៀនពូកែ ហើយមានឥរិយាបថល្អ នោះទេ ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំ គឺសំដៅទៅលើកសាងមូលដ្ឋានក្នុងខ្លួន ចំណេះដឹង ហើយឥរិយាបថ ខោ អាវ មិនចាំបាច់ទាល់តែមានលទ្ធភាពទិញ ខោ អាវ កីឡាដូចគេ ដូចឯងនោះទេ។
សម្ដេចធិបតី បញ្ជាក់ថា «ពាក់ ខោ អាវ ល្អ មិនប្រាកដថា រៀនពូកែ ហើយឥរិយាបថល្អ នោះទេ ។ អ្នកខ្លះមានលុយពី ឪពុក-ម្ដាយ ច្រើន ប៉ុន្ដែអត់រៀន អាកប្បកិរិយាមិនល្អ។ យើងរៀនគោលសំខាន់ គឺកសាងធនធានមនុស្ស ឱ្យទៅជាមនុស្សល្អ ពាក់ ខោ អាវ អី នៅតែសំខាន់»។
សម្ដេចធិបតី ក៏បានលើកឡើងថា កាលនៅកាន់កងទ័ព សម្ដេចតែងតែជំរុញ ឯកសណ្ឋានរបស់ខ្មែរ ខណៈអ្នកខ្លះថា ឯកសណ្ឋានអាមេរិក ឬអង់គ្លេសល្អ ៕