ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទប់ស្កាត់បាននូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រុមជ្រុលនិយម បានធ្វើសកម្មភាពបំផុសចលនាប្រឆាំងរាជរដ្ឋាភិបាល តាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំបូងបានអូសទាញយុវជនក្នុង និងក្រៅប្រទេស ឱ្យជំទាស់នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ប៉ុន្តែទីបំផុតក៏បង្វែរឱ្យមានការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សា ការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយទំនួលខុសត្រូវ ក្នុងនោះក៏រួមទាំងការរួមចំណែកទប់ស្កាត់ផែនការធ្វើកុបកម្មរបស់ក្រុមប្រឆាំង កាលថ្ងៃទី១៨ ខែសីហាផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ញាក់ថា ក្រុមប្រឆាំងជ្រុលនិយម បានព្យាយាមបំផុសអុជអាលឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន មានការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរ និងកងកម្លាំង។ ប៉ុន្តែដោយសារអំពើល្អ សច្ចធម៌នៃសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់បានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំង ដើម្បីថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ដែលនាំឱ្យមានការបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ៕