អភិបាលខេត្តតាកែវ អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ សូមកុំទៅបំភ្លេចបំផ្លាញជម្រកសត្វបក្សី នៅតំបន់អភិរក្សសត្វស្លាប ព្រែកល្ពៅ
ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ សូមមេត្តាកុំទៅបំភ្លេចបំផ្លាញជម្រកសត្វបក្សី នៅតំបន់អភិរក្សសត្វស្លាប ព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីជលសា នៃខេត្តតាកែវ។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា “ តំបន់អភិរក្សសត្វស្លាប ព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីជលសា នៃខេត្តតាកែវ ឃើញវត្តមានសត្វស្លាបជាង១០០ប្រភេទ ជាពិសេសក្រុមជិតផុតពូជជាង១០ ដែលនៅលើពិភពលោកកំពុងតែរងនូវបាត់បង់ ។ ប៉ុន្តែបែរជាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ( ខេត្តតាកែវ )។
តាមរយៈនេះខ្ញុំសូមអំពាវនាវដោយទទូចចំពោះបងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំទៅបំភ្លេចបំផ្លាញជម្រកសត្វបក្សីទាំងនេះ ឬ ចាប់ ឬ ប្រមូលពងកូនរបស់ពួកវា ដែលធ្វើឲ្យបាត់បង់ផង និង ជាអំពើផ្ទុយនឹងច្បាប់ផង”៕