ឯកឧត្តម ពេជ្រ ជីវ័ន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (ហៅវត្តតាគោក) ស្រុកព្រះស្តេច ខេត្តព្រៃវែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង សមាជិកគណ:កម្មការទី៨ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (ហៅវត្តតាគោក) មានការចូលរួមពី ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតាអាចារ្យ គណៈកម្មការ សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនកុះករដែលពិធីនេះប្រារព្ធធ្វើនៅក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ពេជ្រ ជីវ័ន បានវាយតម្លៃខ្ពស់ជូនចំពោះព្រះគ្រូចៅអធិការ ជាព្រះមេគណសង្ឃខេត្តព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទទាំងអស់ ដែលបានខិតខំរួមគ្នាកសាងបានសមិទ្ធផលជាច្រើន នៅក្នុងបរិវេណវត្តសិរីសារពេជ្ញ (ហៅវត្តតាគោក) រួមមាន សួនពុទ្ធប្រវត្តិចំនួន ២០ឈុត ចាប់ពីសុបិននិម្មិត រហូតដល់បរិនិព្វាន និងចាក់សាបក្នុងបរិវេណវត្ត ១១២៥០ ម៉ែត្រការ៉េ ចេតិយរួមមួយ និងបង្គោលភ្លើងសូឡាចំនួន៦០ដើម និងសមិទ្ធផលជាច្រើនទៀត ចំណាយថវិកាអស់ចំនួន ៥៨៧,២៧០ ដុល្លារអាមេរិក។
ឯកឧត្តម បានបន្តថា រយៈពេលថ្មីៗ នេះប្រជាជនកម្ពុជា បានអបអរសាទរ និងគាំទ្រ ព្រមទាំងប្តេជ្ញាចូលរួមអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលលើកគម្រោងជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា គឺជីកព្រែក “ហ្វូណនតេជោ“ ក្រោយពីមានការប្រកាសចលនាគាំទ្រពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ការជីកព្រែកជាប្រវត្តិសាស្ត្រកម្ពុជានេះ គឺដើម្បីបម្រើផលប្រយោជន៍ សេដ្ឋកិច្ចជាតិតែម្យ៉ាងប៉ុណ្ណោះ សម្រាប់ថ្ងៃអនាគតរបស់ប្រជាជនកម្ពុជា ជាមនុស្សជំនាន់ក្រោយ ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ពេលជីកបានហើយគឺមានន័យថា៖កម្ពុជា នឹងដកដង្ហើមដោយខ្លួនឯងក្នុងការធ្វើចរាចរទំនិញ ការធ្វើដំណើរការទទួលបានជលផល ចម្រុះការប្រើប្រាស់ផ្លូវចុះឡើងជាសាធារណៈតាមផ្លូវទឹក ផ្លូវគោកក្នុងការផ្លាស់ប្ដូរ ផលិតផលផ្សេងៗពិសេសទំនិញកសិផលគ្រប់ប្រភេទជាដើម ។ល។
ឯកឧត្តម បានលើកឡើងពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដែលរដ្ឋាភិបាល មានគោលបំណងទាញយកផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ ហើយ២៥ឆ្នាំក្រោយ កិច្ចសហប្រតិបត្តិការនេះ ខេត្តទាំង៤នៅ តំបន់ត្រីកោណបានប្រែមុខមាត់ថ្មីពោលគឺមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅទីក្រុង និងនៅតាមបណ្ដាស្រុកនានា ដែលទាំងអស់នេះ មិនដូចការលើកឡើងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលបំផុសបំផុលថា រដ្ឋាភិបាលបានកាត់ទឹកដីឱ្យទៅប្រទេសជិតខាងនោះទេ។
បន្ទាប់មក ឯកឧត្តមបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជន ចែកជូនថវិកា តាជីយាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងចូលបុណ្យដល់វត្តផងដែរ៕