ឯកឧត្តម រាជ រ៉ា ផ្តាំផ្ញើដល់ដល់ក្រុមការងារយុវជនគណបក្សក្រសួងពាណិជ្ជកម្មទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្មី ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិការអចិន្ត្រៃយ៍ និងសមាជិក សមាជិកាក្រុមការងារទាំងអស់ផងដែរ។
មានមតិបើកកិច្ចប្រជុំ ឯកឧត្តម រាជ រ៉ា បានគូសបញ្ជាក់ថា ការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសសួងពាណិជ្ជកម្មនាពេលនេះ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ក្រុមការងារ និងដោយពិនិត្យលើសមត្ថភាព និងភាពសកម្មរបស់យុវជនគណបក្ស ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ឱកាស ក្នុងការរួមចំណែកបំពេញការងារជូន គណៈកម្មាធិការគណបក្សក្រសួង និងនាំមកនូវជ័យជម្នះជូនគណបក្ស។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់ដល់ក្រុមការងារយុវជនគណបក្សក្រសួងពាណិជ្ជកម្មទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស, បន្តអនុវត្តរបបប្រជុំ រៀនសូត្រ និងចុះមូលដ្ឋាន, មានសាមគ្គីភាពផ្ទៃក្នុង, បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងការពារសមិទ្ធផលរបស់គណបក្ស, បន្តដុសខាត់សមត្ថភាព និងអភិវឌ្ឍខ្លួនជាប្រចាំ ដើម្បីតាមទាន់បរិបទនៃការរីកចម្រើនប្រទេសជាតិ និងសកលលោក និងបន្តចូលរួមក្នុងកិច្ចការសង្គម និងព្រឹត្តិការណ៍នានាដែលរៀបចំដោយគណៈកម្មាធិការគណបក្សក្រសួង និងយុវជនគណបក្សថ្នាក់កណ្តាល។ ធ្វើការវាយបកឱ្យបានទាន់ពេលវេលា ចំពោះមជ្ឈដ្ឋានអគតិដែលតែងតែមួលបង្កាច់ បំភ្លៃការពិតលើទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៕