ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងម៉ានីល
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល តបតាមការអញ្ជើញរបស់ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំនេះ នឹងធ្វើការតាមដាន និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ២០២១ និងដាក់ចេញផែនការសកម្មភាពថ្មី ដើម្បីបន្តពង្រឹងទំនាក់ ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ ក៏នឹងពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង បញ្ហាអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម ផងដែរ។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr., ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង អញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំឡើងដោយ លោកជំទាវ Sara Duterte អនុប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ៕