សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។
អញ្ជើញនិងយាងដង្ហែព្រះរាជដំណើរនាឱកាសនោះមានវត្តមាន ឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំសមាជិកសមាជិកា ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ប្រធាន សមាជិក ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សបានមកជួបជុំគ្នាយ៉ាងច្រើនកុះករ។
ក្នុងព្រះរាជសារកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ផ្ញើ ថ្វាយសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជូនជនរួមជាតិ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថាក្នុងពេលព្រះរាជអវត្តមានរបស់អង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។
កូនចៅប្រជានុរាស្រ្ត សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះពរព្រះករុណាជាអម្ចាស់និង សម្តេចម៉ែ សូមទ្រង់បានប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕