ឯកឧត្តម សេង ឈួន ណែនាំឲ្យមន្ត្រីតាមស្ថានីយថ្លឹងរថយន្ត ពង្រឹងការអនុវត្តការងារដែលមានចែងក្នុងបទដ្ឋានគតិយុត្ត ឱ្យកាន់តែប្រសើរ
ភ្នំពេញ៖ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយយន្តការអនុវត្តការងារ ដល់ស្ថានីយជញ្ជីងទូទាំងរាជធានី-ខេត្ត ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធាន អនុប្រធាន សមាជិក សមាជិកា លេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងគ្រប់អនុប្រធានស្ថាននីយជញ្ជីង។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលើរបាយការណ៍ និងវឌ្ឍនភាពការងារប្រចាំខែ សម្រាប់គ្រប់អនុប្រធានស្ថានីយ និងផ្សព្វផ្សាយយន្តការអនុវត្តការងារមួយចំនួនដែលបានដាក់ចេញដល់មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងពិនិត្យពិភាក្សាលើ បញ្ហាប្រឈមនានា ដែលតែងកើតមានក្នុងពេលអនុវត្តការងាររបស់មន្រ្តីជញ្ជីង ក្នុងគោលដៅធ្វើឱ្យការងារគ្រប់គ្រងការងារត្រួតយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណតដោយច្បាប់ កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិ និងជាការចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើដងវិថីផងដែរ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារដែលមានចែងក្នុងបទដ្ឋានគតិយុត្ត ឱ្យបានកាន់តែប្រសើរ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ គោរពឋានានុក្រមការងារ ព្រមទាំងសហការល្អជាមួយដៃគូពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់៕