អភិបាលរាជធានីភ្នំពេញ៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ទទួលបានការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា តាមរយៈយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូស នាពេលប៉ុន្មានថ្ងៃនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង ធ្វើឡើង នាព្រឹកថ្ងៃទី២៧ សីហាឆ្នាំ២០២៤នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន ៤៣នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីពួកគាត់យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
កងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានចំនួន ៤៣នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២០០.០០០រៀល, អង្ករ ២៥ គីឡូក្រាម, មី១ កេសតូច និងទឹកសុទ្ធ១ កេស។
ក្នុងឱកាសនេះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ និងតាមសហគមន៍នានា ទូទាំងរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង គូសបញ្ជាក់ថា តាមរយៈយុទ្ធនាការ បាញ់ថ្នាំមូសសម្លាប់មូស នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បងប្អូនប្រជាពលរដ្ឋពិតជាអរគុណយ៉ាងខ្លាំង ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះការខិតខំប្រឹងប្រែងប្រកប ដោយការទទួលខុសត្រូវ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែលបានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឈនទៅសម្រេចបាន នូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមរំលឹកថា ក្រុមការងារកង ពលតូច ង៧០ ដែលបានសហការជាមួយ ក្រុមការងាររដ្ឋបាល ចុះបាញ់ថ្នាំសម្លាប់មូសនៅ តាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃ ទី១៧ ខែសីហា និងបានបញ្ចប់រួចរាល់ទាំងស្រុង កាលពីថ្ងៃទី២៦ខែសីហា២០២៤នេះ ៕