កាណាដា ប្រកាសដាក់ពន្ធ ១០០% លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន
អូតាវ៉ា៖ ដើរតាមគន្លងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប កាណាដាបានប្រកាសកាលពីថ្ងៃចន្ទទី២៦សីហាថា ខ្លួននឹងដាក់ពន្ធ១០០ភាគរយលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ហើយបានប្រកាសពន្ធ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសចិន ។
កាតព្វកិច្ចថ្មីអនុវត្តចំពោះរថយន្តអគ្គិសនីទាំងអស់ ដែលបានដឹកជញ្ជូនពីប្រទេសចិន នឹងរាប់បញ្ចូលទាំងរថយន្តដែលផលិតដោយក្រុមហ៊ុន Tesla ផងដែរ។ មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើសាកលលោក នាគរាជចិន គឺជាដៃគូពាណិជ្ជកម្មធំទី២ របស់កាណាដាបន្ទាប់ពីបងធំសហរដ្ឋអាម៉េរិក។ ការនាំចូលរថយន្តរបស់កាណាដាពីប្រទេសចិន ទៅកាន់កំពង់ផែដ៏ធំបំផុតរបស់ខ្លួនគឺ ទីក្រុងវ៉ាន់កូវើរ Vancouver កើនឡើង៤៦០ភាគរយដល់៤៤៣៥៦គ្រឿងក្នុងឆ្នាំ២០២៣ នៅពេលដែលក្រុមហ៊ុន Tesla បានចាប់ផ្តើមដឹកជញ្ជូនរថយន្តអគ្គិសនី ផលិតនៅទីក្រុងសៀងហៃទៅកាន់ប្រទេសកាណាដា។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថា រដ្ឋធានីអូតាវ៉ាកំពុងធ្វើសកម្មភាពដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា គោលនយោបាយដឹកនាំដោយរដ្ឋដោយចេតនារបស់ប្រទេសចិន។ លោកបានប្រាប់អ្នកយកព័ត៌មានថា ពន្ធនឹងត្រូវដាក់ចាប់ពីថ្ងៃទី១ ខែតុលា។ លោក ទ្រូដូ បាននិយាយនៅក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបិទទ្វាររយៈពេលបីថ្ងៃនៅទីក្រុងហាលីហ្វាក់ Halifax រដ្ឋណូវ៉ាស្កុតទៀ Nova Scotia ថា៖«អ្វីដែលសំខាន់អំពីរឿងនេះ គឺយើងកំពុងធ្វើវាឱ្យស្របគ្នា និងស្របជាមួយនឹងសេដ្ឋកិច្ចផ្សេងទៀតនៅជុំវិញពិភពលោក»។
មិនត្រឹមតែប៉ុណ្ណោះ លោក ទ្រូដូ បាននិយាយថា រដ្ឋធានីអូតាវ៉ានឹងបន្តធ្វើការជាមួយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីធានាថា អតិថិជននៅជុំវិញពិភពលោករងផលប៉ះពាល់ដោយអយុត្តិធម៌ពីការអនុវត្តសេដ្ឋកិច្ចមិនមែនទីផ្សាររបស់ប្រទេសដូចជាប្រទេសចិន។ បើតាមលោក ទ្រូដូ កាណាដាក៏កំពុងសម្លឹងមើលវិធានការដាក់ពន្ធលើទំនិញបន្ថែមទៀត ដូចជាពន្ធលើបន្ទះសៀគ្វី និងឧបករណ៍ស្រូបថមពលពន្លឺព្រះអាទិត្យ។ យ៉ាងណាមិញ លោក ទ្រូដូ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ស្ថានទូតចិនប្រចាំប្រទេសកាណាដា បានហៅចំណាត់ការនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ ដោយបន្ថែមថា កាណាដាមិនបានអើពើនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
អ្នកនាំពាក្យរបស់ស្ថានទូត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទថា៖«សកម្មភាពរបស់កាណាដា នឹងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងប្រទេសទាំងពីរ និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងសហគ្រាសកាណាដា»។ អ្នកនាំពាក្យរូបនេះ បន្ថែមថា៖«រដ្ឋាភិបាលកាណាដាបានទទូចលើការប្រកាសពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដោយមិនយកចិត្តទុកដាក់ ចំពោះការជំទាស់ម្ដងហើយម្ដងទៀតរបស់ប្រទេសចិន។ ចិនជំរុញឱ្យកាណាដាគោរពអង្គហេតុដែលមានគោលបំណង គោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក កែតម្រូវការអនុវត្តខុសឆ្គងរបស់ខ្លួនជាបន្ទាន់ និងបដិសេធមិនធ្វើនយោបាយលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម»។
គួរជម្រាបជូនថា ចំណាត់ការរបស់កាណាដា គឺដើរតាមគន្លងរបស់យក្សសេដ្ឋកិច្ចលំដាប់ទី១ សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ រដ្ឋធានីវ៉ាស៊ីនតោន បានដំឡើងពន្ធបួនដងសម្រាប់រថយន្តអគ្គិសនីរបស់ចិន ដល់១០០ភាគរយ។ ប៉ុន្តែពន្ធរបស់អឺរ៉ុប នឹងមិនខ្ពស់ដូចជាសហរដ្ឋអាម៉េរិកនោះទេ។ យានយន្តដែលនាំចេញដោយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅក្នុងប្រទេសចិន នឹងប្រឈមមុខនឹងការយកពន្ធ១៧ភាគរយ ខណៈដែលរថយន្តមកពីក្រុមហ៊ុន SAIC Motor មានមូលដ្ឋាននៅទីក្រុងសៀងហៃ នឹងត្រូវយកពន្ធជាមួយនឹងអត្រាខ្ពស់បំផុត៣៦,៣ភាគរយ។ គណៈកម្មការសហភាពអឺរ៉ុបបានបញ្ជាក់ថា ក្រុមហ៊ុន Tesla ដែលនាំចេញរថយន្តពីប្រទេសចិន ត្រូវបង់ពន្ធ៩ភាគរយនៅដំណាក់កាលនេះ។ ពន្ធនេះ..ត្រូវបានអនុម័តពីរដ្ឋសមាជិកសហភាពអឺរ៉ុប។ ការសម្រេចចិត្តចុងក្រោយត្រូវតែធ្វើឡើងនៅដើមខែវិច្ឆិកា បួនខែបន្ទាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី៥ ខែកក្កដានៃពន្ធបណ្តោះអាសន្ន។