គុយបា អញ្ជើញលោកជំទាវ និន សាផុន ទៅចូលរួមសន្និសីទតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី១០ នៃចំណងសាមគ្គីភាពជាមួយគុយបា
ភ្នំពេញ៖ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញមកកាន់វិមានរដ្ឋសភាកម្ពុជា ចូលជួបសម្តែងការគួរសម និងគោរពអញ្ជើញ លោកជំទាវ និន សាផុន ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ទៅចូលរួមសន្និសីទតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី១០ នៃចំណងសាមគ្គីភាពជាមួយគុយបា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
លោកជំទាវ ឯកអគ្គរដ្ឋទូត បានបន្ថែមថា នៅឆ្នាំ២០២៥ខាងមុខ គុយបានឹងប្រារព្ធខួបលេីកទី៦៥ ស្តីពីចំណងមិត្តភាពកម្ពុជា គុយបា និងបានគោរពអញ្ជេីញក្រុមមិត្តភាពសភាកម្ពុជា-គុយបា ចូលរួមផងដែរ។
ជាការឆ្លើយតប លោកជំទាវ និន សាផុន ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា រីករាយនឹងត្រៀមខ្លួនជានិច្ចដើម្បីទៅចូលរួមសន្និសីទនេះ ខណៈពេលដែលទទួលបានការអនុញ្ញាត និងចាត់តាំងពីសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា។ ដូច្នេះ លោកជំទាវ ប្រធានគណៈកម្មការ ស្នើលោកជំទាវឯកអគ្គរដ្ឋទូតបញ្ជូនលិខិតអញ្ជើញជាផ្លូវការមកសម្តេចប្រធានរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចតាមនីតិវិធី ៕