ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាស្តីពី “ការយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈ ផ្តោតលើប្រជាពលរដ្ឋ” សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាស្តីពី “ការយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈ ផ្តោតលើប្រជាពលរដ្ឋ” សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤ ០២៤នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចអសកម្មមួយចំនួន ដែលនៅមានកើតឡើងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពខ្លះ មកធ្វើជាករណីសិក្សាសម្រាប់ស្វែងរកចំនុចកែលំអរ។
ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ ធ្វើការដឹកនាំអង្គភាពដោយការលះបង់ តាមរយៈ ការនៅផ្ទាល់-ចុះពិនិត្យផ្ទាល់-ធ្វើផ្ទាល់ គ្រប់ពេលវេលា រួមទាំងយប់ និងព្រហាមជាពិសេស ដែលនេះគឺជាការចុះពាំនាំស្មារតីគាំទ្របុគ្គលិករបស់ខ្លួនយ៉ាងពិតប្រាកដ ពាំនាំផ្តល់ភាពកក់ក្តៅ និងចូលរួមបង្រៀនដោះបញ្ហាប្រឈមនៅនឹងកន្លែង (local problem – local solution) ដោយដឹកដៃអោយធ្វើ-ធ្វើជាមួយគ្នា។ ឥរិយាបទ-អកប្បកិរិយាទទួលរាក់ទាក់ ស្តាប់អោយច្រើនពីអ្នកមកទទួលសេវា ផ្តល់ពត៌មាន-ពន្យល់ក្បោះក្បាយ ជាដើម គឺជាគុណតម្លៃដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍គន្លឹះចំនួន៤ សម្រាប់រៀបចំសេវាសាធារណៈ ឱ្យទទួលបានជោគជ័យ រួមមាន ១) ត្រូវមានការចូលរួមផ្តល់យោបល់ពីប្រជាជនទៅលើសេវា ២) ត្រូវរៀបចំឱ្យមានអ្នកផ្តល់សេវាដែលមានសមត្ថភាពក្នុងការផ្តល់សេវា និងដោះស្រាយបញ្ហារបស់អ្នកជំងឺ ៣) ការផ្តល់សេវាត្រូវផ្តោតទៅលើបទពិសោធន៍អ្នកប្រើប្រាស់សេវា (patient/family experience) ដែលធានាឱ្យអ្នកជំងឺទទួលបានបទពិសោធន៍ល្អពីការដែលបានមកទទួលសេវារបស់គាត់តាំងពីចំនុចចាប់ផ្តើមដល់ចុងបញ្ចប់ និង ៤) អ្នកដឹកនាំអង្គភាពផ្តល់សេវាទាំងអស់ ត្រូវបន្តផ្តោតលើការកែលំអរគុណភាពសេវាជាប្រចាំ សំដៅធ្វើឱ្យសេវាកាន់តែមានប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យផ្តាំផ្ញើឱ្យអ្នកដឹកនាំនៅក្នុងស្ថាប័នសុខាភិបាលទាំងអស់បន្តហ្វឹកហាត់ ប្រើប្រាស់របៀបរបបដឹកនាំទាំង៤ប្រភេទខាងលើ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន៕