ទូតចិនប្រចាំកម្ពុជា៖ យើងនឹងសហការជាមួយមិត្តកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំ ជាមួយនឹងព័ត៌មានដែលក្លែងក្លាយ
ភ្នំពេញ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់ក្នុងគណនីហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ថា «គណនី TikTok ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលក្លែងក្លាយ» ។
សូមរម្លឹកថា គណនី TikTok ខាងលើនេះបានផ្សព្វផ្សាយវីដេអូជាភាសាចិន ដោយបានប្រឌិតព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមថា សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់កងយោធពលខេមរភូមិន្ទមួយចំនួនទៀត បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចាប់ខ្លួនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ករណីនេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ប្រកាសបដិសេធយ៉ាងដាច់អហង្ការផងដែរ ដោយចាត់ទុកថាការផ្សាយនេះជាចេតនាដ៏អាក្រក់ និងបង្ករចលាចលនៅក្នុងសង្គមកម្ពុជា ៕