ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យមើលលើបទល្មើសនៃការទន្រ្ទានយកដីស្ទឹង និងព្រែក
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យមើលពីបទល្មើសនៃការបំពានទន្រ្ទាន និងការរំលោភយកដីស្ទឹង និងព្រែក នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្ដកណ្ដាល នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មេធាវីតំណាងក្រសួង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្តតាកែវ និងខេត្ដកំពង់ស្ពឺ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធទាំងបួន តំណាងក្រុមហ៊ុន និងអាជ្ញាធរស្រុកពាក់ព័ន្ធ។
ឯកឧត្ដមរដ្ឋលេខាធិការមានប្រសាសន៍ថា ដំណើរការនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលការទន្រ្ទាន និងការរំលោភយកដីស្ទឹងព្រែកត្នោត ស្ទឹងតូច ស្ទឹងទន្លេបាទី ស្ទឹងតាខ្មៅ ព្រែកហូរ ព្រែកអូរខ្សាច់ ស្ទឹងពាមសេដ្ឋា ព្រែកតាគង់ ប្រឡាយ៩៦ ប្រឡាយ៩៤ ប្រឡាយ៧៨ ព្រែកតាំងហ៊ុន ព្រែកព្រៃកំពស់ សាក់សំពៅ ជើងឯក ពងទឹក និងស្ទឹងស្លាគូរ ដើម្បីបន្តអនុវត្ដតាមនីតិវិធីផ្លូវច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕