ហេតុអ្វី សម រង្ស៊ី បារម្ភពេលឃើញពលរដ្ឋបរិច្ចាគថវិកា ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន
ភ្នំពេញ៖ ទណ្ឌិត សម រង្ស៊ី គឺជាមេក្លោងធំបំផុត នៃអំពើបំបែកបំបាក់ ចង់ឱ្យខ្មែរឈ្លោះខ្មែរគ្នាង និងការបំផុសពលរដ្ឋ ងើបបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាល ប៉ុន្តែឧបាយកលទុច្ចរិតទាំងអស់នោះ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ ដោយសារប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានសាមគ្គីគ្នាជាធ្លុងមួយរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល។
កាលពីយប់ថ្ងៃទី២៧ ខែសីហា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងតាមបណ្តាញសង្គមថា គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង ១លាននាក់ហើយ ។
សម្តេចតេជោ សែន បានលើកឡើងថា «តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គីការ ពារជាតិពិតប្រាកដ ពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់៤ខេត្ត ឬច្រើនជាងនេះ ទៅឲ្យវៀតណាម តើពួកគេចូលលុយដែរឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួម របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ»។
សម្តេចបានបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក
ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។ សម្តេចតេជោ បានអំពាវនាវឱ្យជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់បានចូលរួមឬទេ? សម្តេចបានបន្តថា៖ «នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។
គួរកត់សម្គាល់ថា នៅក្នុងខែសីហា ឆ្នាំ២០២៤ ចលនារបស់ជាតិខ្មែរ ដែលរួបរួមគ្នាជាមួយ នឹងរាជរដ្ឋាភិបាល បានបំផ្លាញនូវឧបាយកលទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលមានយ៉ាងហោចចំនួនបី ក្នុងនោះរួម មានការញុះញង់មិនឱ្យមានការជីកព្រែកហ៊្វូណន-តេជោ ការបំផុសចង់ឱ្យពលរដ្ឋផ្ទុះកំហឹងតវ៉ា ដោយយកលំនាំចលនាបដិវត្ត Generation Z ក្នុងប្រទេសបង់ក្លាដេស និងការបង្កើតព័ត៌មានក្លែងក្លាយ អំពីការកាត់ទឹកដីខេត្តបួនភាគឥសានប្រទេសទៅឱ្យបរទេស។
អ្វីដែលធ្វើឲ្យទណ្ឌិត សម រង្ស៊ី កាន់តែអាម៉ាស់ និងក្តៅក្រហាយនោះ នៅពេលដែលទណ្ឌិតម្នាក់នេះ បានឃើញឧបាយកលបំបែករបស់ខ្លួន ធ្វើឱ្យខ្មែរកាន់តែរួបរួមគ្នាជាមួយ នឹងរាជរដ្ឋាភិបាលនោះ ដោយសរសេរបង្ហោះលើហ្វេសប៊ុកថា «ដកដង្ហើមដោយខ្លួនឯង តែបែជាទៅរៃអង្គាសលុយពីប្រជាជន? ឬមួយរដ្ឋជិតអស់លុយហើយ?» ។ ខ្លឹមសារដែលបង្ហោះនោះ គឺវាជាការបង្ហាញថា អ្នកនយោបាយចាស់វស្សារូបនេះ គឺជាអ្នកនយោបាយ កំពុងមើលស្រាលដល់ប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញទឹកចិត្ត និងស្មារតីរបស់ខ្លួនដើម្បីការជួយកសាងជាតិ។
ដោយឡែកលោក គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការចូលរួមរបស់ពលរដ្ឋតាមការបរិច្ចាគថវិកា ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន គឺជាការបង្ហាញនូវក្តីស្រឡាញ់ជាតិ ការបង្ហាញនូវភាពធ្លុងមួយរបស់ជាតិ នោះគឺ រវាងរាជរដ្ឋាភិបាល ជាមួយនឹងប្រជាជនរបស់ខ្លួន និងក៏ជាការបង្ហាញប្រាប់ពិភពលោកថា ពលរដ្ឋខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រាល់ទង្វើទាំងឡាយពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍ គឺតែងតែមានពលរដ្ឋខ្មែរជាសាក្សី និងជាកម្លាំងជំរុញចលករមួយដែលមិនអាចខ្វះបានឡើយ៖ «ទាក់ទងជាមួយនឹងការបង្កើត មូលនិធិសម្រាប់កសាង និងអភិវឌ្ឍន៍តំបន់ក្រវាត់ព្រំដែននេះ ខ្ញុំយល់ថា មានមានសារ:សំខាន់៥យ៉ាង។ ទី១ គឺការបង្ហាញអំពីសន្តិភាពរបស់ប្រទេសកម្ពុជា។ កាលណាយើងមានសន្តិភាពទាំងអស់គ្នា យើងមានកិច្ចសហប្រតិបត្តិការយើងមានមូលនិធិរួម។ អញ្ចឹងមូលនិធិនេះមិនខុសពីមូលនិធិគន្ធបុប្ឆាទេ គឺជាការសម្តែងនូវទឹកចិត្តនៃការស្រឡាញ់ចូលរួម និងការស្នេហាជាតិរបស់ប្រជាជនកម្ពុជា។ចំណុចទី២ គឺយើងមើលឃើញថា កត្តារួបរួមគ្នាជាធ្លុងមួយ ខ្មែររួបរួមគ្នា គឺខ្មែរមានកម្លាំងខ្លាំងខ្មែរ នឹងឈ្នះ។ ដូច្នេះការបង្កើតមូលនិធិនេះ គឺគោលបំណងជម្រុញឲ្យពលរដ្ឋយើងទាំងអស់គ្នារួបរួមគ្នា ដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើង។ ទី៣ ការចួលរួមបង្កើតមូលនិធិទាំងអស់នេះ គឺរួមចំណែកធ្វើឱ្យប្រភពទុនដ៏សំខាន់នៅក្នុងការកសាងជាតិ និងការបង្កើតឲ្យមានអំណាច នៅក្នុងការចរចាជាមួយប្រទេសជិតខាងមានន័យថា ការរួមគ្នារវាងពលរដ្ឋរបស់យើងទៅជាធ្លុងមួយ ដែលយើងបង្ហាញថាទោះជាប្រទេសជិតខាង មានបំណងចង់កេងចំណេញលើប្រទេសយើង ក៏មិនអាចទៅរួចដែរ ដោយសារកម្លាំងមហាជនរបស់យើង មានភាពខ្លាំងក្លា។ ទី៤ គឺការរួបរួមគ្នាទាំងអស់នេះ ការបង្កើតមូលនិធិនេះ គឺវាស់វែងអំពីទឹកចិត្តនៃអ្នកស្នេហាជាតិទាំងអស់ថា តើពលរដ្ឋយើងស្រឡាញ់ជាតិប៉ុណ្ណា? មានពលរដ្ឋមួយចំនួន បានជេររដ្ឋាភិបាល ពលរដ្ឋមួយចំនួនតែងតែថា តំបន់ CLV នេះមិនមានការអភិវឌ្ឍន៍ ឬក៏ទុកឲ្យវៀតណាមអភិវឌ្ឍន៍ ឬក៏ចង់ដកតំបន់និងមកអភិវឌ្ឍន៍ខ្លួនឯង។ អញ្ចឹងឥឡូវនេះ គឺរដ្ឋាភិបាលបង្ហាញហើយថាតំបន់ CLV គឺជាតំបន់ដែលរដ្ឋាភិបាលកំពុងតែអភិវឌ្ឍន៍ដោយខ្លួនឯង ហើយបន្តអភិវឌ្ឍន៍ទៅមុខទៀត ដូច្នេះដើម្បីឲ្យពលរដ្ឋចូលរួម ការវាស់ទឹកចិត្តថា តើអ្នកថាហ្នឹង គាត់បានចួលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសខ្លួនឯងហើយឬនៅ។ កត្តាទី៥ មានសារ:សំខាន់ណាស់ដែលបង្ហាញថា អ្នកនយោបាយនៅក្រៅប្រទេស គឺជាអ្នកនយោបាយដែលមិនបានរួមចំណែកនៅក្នុងការចូលរួម ហើយខ្ញុំជឿជាក់ថា ចំណុចទី៥នេះ គឺអ្នកដែលនៅក្រៅប្រទេស គាត់តែងតែស្រែកជេរ គាត់មិនដែលបានមកឃើញហើយគាត់មិនដែលបានរួមចំណែកសូម្បីតែមួយកាក់ មួយសេនក្នុងការអភិវឌ្ឍន៍ជាតិខ្លួនឯងទេ។
អញ្ចឹងដើម្បីបង្ហាញ (ការចូលរួមអភិវឌ្ឍន៍ជាតិ) មាន QR កូដច្រើនធនាគារច្រើនគណនី ដូច្នេះសុំឲ្យអ្នកនៅក្រៅប្រទេស អ្នកនៅប្រទេសទាំងអស់ហ្នឹង អ្នកដែលមានគំនិតលើកឡើងថាស្នេហាជាតិ ស្រឡាញ់ជាតិទាំងអស់គ្នា ហើយនិងជេររដ្ឋាភិបាល ចង់ដកតំបន់ CLV មកអភិវឌ្ឍន៍ខ្លួនឯងហ្នឹង សូមចូលរួម ហើយបង្ហាញ Account គណនីមកថា គាត់បានរួមចំណែក ប៉ុន្មានដុល្លារដើម្បីកសាងជាតិរបស់យើង អភិវឌ្ឍន៍ជាតិដោយខ្លួនឯង កុំឲ្យចេះតែលើកឡើងថា ស្នេហាជាតិ ស្រឡាញ់ជាតិដកតំបន់និងមកអភិវឌ្ឍន៍ខ្លួនឯង តែខ្លួនឯងមិនបានរួមចំណែកថវិកាមួយកាក់មួយសេនឱ្យសោះ នៅក្នុងការអភិវឌ្ឍន៍ជាតិនេះ»។
សរុបមកការរួមគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរក្នុងប្រទេសនេះហើយ ជាអ្វីដែលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ត្រូវមើលឃើញឱ្យច្បាស់ថា ឧបាយកលប៉ុនប៉ងបំបែកបំបាក់របស់ខ្លួនដើម្បី ចង់ឱ្យប្រទេសកម្ពុជាដែលមានសន្តិភាពធ្លាក់ចួលក្នុងសង្គ្រាមស៊ីវិលសាជាថ្មីវិញនោះ នឹងមិនអាចសម្រេចបានឡើយ។ អំពើកាន់តែបំបែកបំបាក់ គឺកាន់តែធ្វើឱ្យខ្មែររួមគ្នាកាន់តែខ្លាំងវិញតែប៉ុណ្ណោះ។ ដោយសារតែទង្វើមិនគិតពីប្រជាជនខ្លួនឯងជាធំនេះហើយ បានជាទណ្ឌិតក្បត់ជាតិបីជំនាន់ រួបនេះ ហ៊ានចុះហត្ថលេខាដោយចិត្តឯងដោយ «ថ្លើមធំ» កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០១៣ នៅលើទឹកដីសហរដ្ឋអាមេរិក គឺកាលពី ១១ឆ្នាំមុន ក្នុងការកាត់ទឹកដីក្នុងខេត្តខ្មែរទាំងបួន នៅភាគឦសានប្រទេសនោះ ឱ្យមេដឹកនាំចលនាសេរីវៀតណាមឈ្មោះ កុកស ក្នុងនាមជាគណបក្សសង្គ្រោះជាតិ។
សូមបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ មានព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួម និងគាំទ្រយ៉ាងផុលផុស៕