គយរុស្ស៊ីចាប់ជនជាតិអាឡឺម៉ង់ជាមួយមាសដុំតម្លៃ១លានដុល្លារ
បរទេស៖ គយរុស្ស៊ីបានចាប់ខ្លួនជនជាតិអាឡឺម៉ង់ម្នាក់ដែលប៉ុនប៉ងនាំយកដុំមាសដែលមិនបានបញ្ជាក់ដែលមានតម្លៃប៉ាន់ស្មាន ៩០លានរូប្លែ (៩៨៤,១៥៣ដុល្លារ) ចូលក្នុងប្រទេស។ សមត្ថកិច្ចបានឲ្យដឹងថា ដុំមាសទម្ងន់ប្រមាណ១៣គីឡូក្រាម ហើយត្រូវបានលាក់ទុកក្នុងរថយន្តមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់បុរសវ័យ៥៨ឆ្នាំ។
នៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃចន្ទ សេវាគយសហព័ន្ធបានឲ្យដឹងថា នៅពេលបំពេញសេចក្តីប្រកាសគយនៅព្រំដែនក្នុងតំបន់ Pskov ភាគខាងលិចនៃប្រទេសរុស្ស៊ី ជនសង្ស័យបានបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានកំណត់ចំពោះរថយន្តរបស់គាត់។ ទោះជាយ៉ាងនេះក្តី លើការត្រួតពិនិត្យកាន់តែដិតដល់ ដោយមានជំនួយពីឧបករណ៍ពិសេស មន្ត្រីគយបានរកឃើញដុំមាសដែលលាក់ទុកនោះ។
ការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយត្រូវបានចាប់ផ្តើម ដោយជនសង្ស័យអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់មួយលានរូប្លិ៍។
Gazeta.ru បានដកស្រង់សម្តីរបស់សេវាគយដែលបន្ថែមថា ពលរដ្ឋអាល្លឺម៉ង់រូបនេះបានកាន់មាសសរុប ២១ដុំ។
កំណែជាភាសារុស្សីរបស់ប្រព័ន្ធផ្សព្វផ្សាយ Bild របស់ប្រទេសអាឡឺម៉ង់ បានឲ្យដឹងថា រូបថតនៃដុំមាសដែលចេញដោយអាជ្ញាធររុស្ស៊ី បង្ហាញពីដុំមាសដែលមានឈ្មោះ ‘Degussa’ ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ដែលមានឯកទេសខាងពាណិជ្ជកម្មលោហៈកម្រ។
ដោយសារតែការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបលើទីក្រុងមូស្គូជុំវិញជម្លោះអ៊ុយក្រែន ការផ្ទេរមាសចូលទៅក្នុងប្រទេសរុស្ស៊ីពីទឹកដីរបស់ប្លុកនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។