នីតិវិធី៦ ចំណុចរបស់ក្រសួងការងារ ដើម្បីឱ្យពលរដ្ឋកម្ពុជាធ្វើការដោយស្របច្បាប់នៅទីក្រុងហុងកុង
ភ្នំពេញ៖ ឯកឧត្ដម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះបានលើកឡើងថា ដើម្បីទៅធ្វើការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង ដោយស្របច្បាប់និងទទួលបានអត្ថប្រយោជន៍ បេក្ខជនត្រូវអនុវត្តតាមនីតិវិធីចំនួន៦ ចំណុចរបស់ក្រសួងការងារដែលបានដាក់ចេញ។
ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា នីតិវិធីទាំង៦ មានដូចជា៖
ទី១. សម្រាប់ការចុះឈ្មោះស្វែងរកការងារធ្វើ បេក្ខជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់៤៥ឆ្នាំ, ភេទស្រី, ភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេប, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, រូបថត ៤x៦(ផ្ទៃស)។
ទី២. ការសម្ភាស និងចុះកិច្ចសន្យាបេក្ខជនត្រូវធ្វើការសម្ភាសជាមួយនិយោជកហុងកុង, ត្រូវចុះកិច្ចសន្យាសេវារកការងារឱ្យធ្វើជាមួយទីភ្នាក់ងារជ្រើសរើសឯកជន។
ទី៣. មុនពេលចេញដំណើរ បេក្ខជនត្រូវទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស, ត្រូវចុះបញ្ជិកាកិច្ចសន្យាសេវាការងារឱ្យធ្វើនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ត្រូវមានកិច្ចសន្យាការងារជាមួយនិយោជក, ត្រូវមានប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC), មានលិខិតឆ្លងដែន(Passport), មានទិដ្ឋាការចូល(Entry Visa/Permit), បេក្ខជននឹងត្រូវទទួលបានការណែនាំតម្រង់ទិសមុនចេញដំណើរ។
ទី៤. មុនពេលបំពេញការងារ បេក្ខជនត្រូវទទួលបានការបណ្តុះបណ្តាលស្តីពីច្បាប់ទំនៀមទម្លាប់រស់នៅ លក្ខខណ្ឌការងារ និងការស្វែងរកអន្តរាគមន៍ពេលមានបញ្ហានៅសមាគមហុងកុងដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជា(HKCAMHR), ត្រូវមានធានារ៉ាប់រង, និងត្រូវចូលធ្វើការស្របតាមកិច្ចសន្យាការងារ។
ទី៥.អំឡុងពេលបំពេញការងារ ពលករត្រូវអនុវត្តទៅតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌការងារជាមួយនិយោជកហុងកុង ដូចបានកំណត់ក្នុងកិច្ចសន្យាការងារ។
៦. ការធ្វើមាតុភូមិនិវត្តន៍ ពលករត្រូវទូទាត់អត្ថប្រយោជន៍ផ្សេងៗ(បើមាន), ទីភ្នាក់ងារមុខរបរហុងកុង ត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានមុនពេលពលករវិលត្រឡប់មកប្រទេសកម្ពុជាវិញ, ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវរាយការណ៍អំពីការវិលត្រលប់របស់ពលករ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បន្ថែមពីនីតិវិធីទាំង៦នេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ករណីបេក្ខជន ឬពលករមានចម្ងល់ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ ១២៩៧ ឬ ១២៨៦ និងស្ថានឯកអគ្គរាជទូតព្រះរាជាណាក្រកម្ពុជាប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង តាមរយៈលេខ +៨៥៥ ២៥៤៦ ០៧១៨។
គួរបញ្ជាក់ថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ បងប្អូនពលករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសទទួលនីមួយៗ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅតំបន់រដ្ឋបាលពិសេស ហុង កុង មានចំនួន ២១៨ នាក់៕