មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះតាមដាន និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ១ ៧៤១ហិតា ដែលបណ្តាលមកពីគ្រោះរាំងស្ងួត នៅខេត្តសៀមរាប
ភ្នំពេញ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចុះតាមដាន និងធ្វើការវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មលើផ្ទៃដីចំនួន១ ៧៤១ហិតា ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ស្ថិតនៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប។
ឯកឧត្តមបញ្ជាក់ថា ក្នុងស្ថានភាពនេះ ថ្នាក់ដឹកនាំជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីកសិកម្មទាំងអស់ រួមជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោយប្រើគ្រប់មធ្យោបាយ សំដៅធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។
ឯកឧត្តមបានណែនាំ និងផ្តល់ជាអនុសាសន៍មួយចំនួន ដល់អជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម ត្រូវធ្វើការសហការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ជាពិសេសការគិតគូរនៅពេលខាងមុខនេះ ដោយត្រូវកែប្រែការដាំដុះដំណាំស្រូវ ទៅជាការដាំដុះពិពិធកម្មដំណាំ ឬបន្លែជាដើម ដែលមានតម្រូវការទឹកតិចជាងដំណាំស្រូវ។
ឯកឧត្តមបន្ថែមថា ចំពោះការវាយតម្លៃពីការខូចខាត និងតម្រូវការស្តារឡើងវិញ ត្រូវធ្វើឡើងដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរភូមិឃុំ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលាសម្រាប់ការស្តារឡើងវិញ ចៀសវាងមានការយឺតយ៉ាវ ធ្វើឱ្យខកខានដល់ការដាំដុះរបស់កសិករ ។
កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងខេត្តសៀមរាប មានភ្លៀងធ្លាក់រាយប៉ាយតាមតំបន់មួយចំនួន តែក្នុងបរិមាណតិចតួច មិនទាន់គ្រប់គ្រាន់នឹងតម្រូវការរបស់ដំណាំនៅឡើយ។
បើភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត នោះដំណាំស្រូវអាចស្តារឡើងវិញបានមួយចំនួនធំ ព្រោះស្ថិតក្នុងវគ្គលូតលាស់ និងស្រូវដែលស្ថិតក្នុងតំណាក់កាលកកើតកួរត្រូវទទួលរងការខូចខាត។ ក្រោយទទួលបានទឹកភ្លៀងបានមួយចំនួន ស្រូវបានចាប់ផ្តើមដុះលូតលាស់ និងប្រែពណ៌ពីក្រហមក្រៀមស្វិត មកបៃតងជាបណ្តើរៗ ដែលជាសញ្ញាបញ្ចាក់ថា ស្រូវអាចដុះឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ទិន្នផលនឹងត្រូវថយចុះ តិចឬច្រើន ដោយចៀសពុំរួច៕