ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យទីតាំងប្រព័ន្ធធារាសាស្រ្តសម្រាប់គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងខេត្តព្រះវិហារ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (WB) អមដំណើរដោយឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ នាយកក្រុមការងារអនុវត្តគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា និងមន្ដ្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងប្រព័ន្ធធារាសាស្រ្តដែលអាចមានលទ្ធភាពដាក់បញ្ចូលជាអនុគម្រោងនៃគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
សូមជម្រាបថា ដំណើរបេសកកម្មនេះ មានការចូលរួមពីតំណាងធនាគារពិភពលោក (WB) លោកប្រធានគ្រប់គ្រងគម្រោង ព្រមទាំងសមាជិកក្រុមការងារអនុវត្តគម្រោង ដោយមានការសហការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារ បានចុះពិនិត្យទីតាំងប្រព័ន្ធធារាសាស្រ្តទំនប់៣០កញ្ញា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងប្រព័ន្ធធារាសាស្រ្តទំនប់កំពីងពួយ ទំនប់ព្រៃភ្ញៀវ និង ទំនប់សីមា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ៕