រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំស្តីពី “ការជំរុញការចែកចាយគ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចទៅកាន់បណ្តាសណ្ឋាគារ នៅលើយន្តហោះ និងភោជនីយដ្ឋានានា”
ភ្នំពេញ៖ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការជំរុញការចែកចាយគ្រាប់ស្វាយចន្ទីដែលកែច្នៃរួចទៅកាន់បណ្តាសណ្ឋាគារ នៅលើយន្តហោះ និងភោជនីយដ្ឋានានា” ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា តាមរយៈការដាក់លក់ ឬចែកជូនភ្ញៀវទេសចរណ៍នៅលើយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន និងការកែច្នៃជាអាហារ។
កិច្ចប្រជុំនេះ រៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ សហការជាមួយនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានអញ្ជើញចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមចុងភៅ សហព័ន្ធស្វាយចន្ទី សមាគមស្វាយចន្ទី និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីមួយចំនួន។
ជាលទ្ធផល តំណាងពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមចុងភៅ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការជំរុញប្រើប្រាស់គ្រាប់ស្វាយចន្ទីកែច្នៃរួច ក៏ដូចជាសហការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធិភាព ៕