ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ នៅបរិវេណវត្តតិក្ខប្បញ្ញោ នៃសង្កាត់សំរោងក្រោមដែលមានប្រជាពលរដ្ឋប្រមាណជិត៦០០នាក់ចូលរួម។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ខណ្ឌក្នុងការឆ្លើយតបទៅនឹងសំណើនានារបស់ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ ដើម្បីប្រមូលនិងពិភាក្សាអំពីសំណើ និងមតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខ។ បន្ថែមពីនេះ វេទិកាក៏បានផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដើម្បីលើកជាសំណើ សំណូមពរ អនុសាសន៍ និងបញ្ហាដែលបានជួបប្រទះនៅក្នុងមូលដ្ឋានផងដែរ។
ជាមួយគ្នានេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក៏បានផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខណ្ឌជាមួយរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋតំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខណ្ឌប្រកបដោយចីរភាព និងប្រសិទ្ធភាព៕