ក្រុមហ៊ុន Huawei ស្វែងរកកិច្ចសហការ ដើម្បីជំរុញឌីជីថលូបនីយកម្មឧស្សាហកម្ម នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៣០ ខែសីហា ឆ្នា២០២៤ បានទទួលជួបតំណាងក្រុមហ៊ុន Huawei និងបានពិភាក្សាអំពីការរួមចំណែករបស់ក្រុមហ៊ុនក្នុងការជំរុញឌីជីថលូបនីយកម្មឧស្សាហកម្មនៅកម្ពុជា។
ក្នុងជំនួបនេះ លោក Zhang Zhenjun អនុប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានណែនាំសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ Huawei ប្រចាំនៅកម្ពុជា និងប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេស។
លោកបានលើកឡើងថា ក្រុមហ៊ុន Huawei មានបំណងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញឌីជីថលូបនីយកម្មឧស្សាហកម្ម និងគាំទ្រសហគ្រាសធុនតូច និងមធ្យម តាមរយៈសេវាកម្មក្លោដសាធារណៈរបស់ខ្លួន។ Huawei ក៏មានកម្មវិធីអភិវឌ្ឍទេពកោសល្យ ដោយបានបណ្តុះបណ្តាលនិស្សិត និងអ្នកអាជីពនៅកម្ពុជាជាង៣.០០០នាក់ ក្នុងគោលដៅបង្កើនសមត្ថភាព អភិវឌ្ឍ apps និងជំនាញឌីជីថលក្នុងប្រទេស។
ក្រុមហ៊ុន Huawei បានចាប់ដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយផ្តល់សេវាកម្មជាច្រើន ដូចជាសេវាបណ្តាញឥតខ្សែ សេវាក្លោដសាធារណៈ ដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ឧបករណ៍ឆ្លាតវៃ និងដំណោះស្រាយសហគ្រាសជាដើម។
ក្រុមហ៊ុនមានបុគ្គលិកទូទាំងពិភពលោកជាង ២៧០.០០០នាក់ ក្នុងនោះបុគ្គលិកប្រមាណ ១១០.០០០ នាក់កំពុងធ្វើការលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះនវានុវត្តន៍ និងបរិវត្តកម្មបច្ចេកវិទ្យា។ លោក Zhang Zhenjun បានបន្ថែមថា ក្រុមហ៊ុនសម្រេចលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនល្អប្រសើរសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤ ដោយទទួលបានចំណូល ៥៨,៦ ពាន់លានដុល្លារ កើនឡើង ៣៤,៣% និងទទួលបានប្រាក់ចំណេញសុទ្ធ ៧,៧ ពាន់លានដុល្លារ។
ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ក្រុមហ៊ុន Huawei ដែលបានរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា និងចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនឱ្យសហការជាមួយសហគ្រិនខ្មែរ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម តាមរយៈការបណ្តុះសហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យា ដើម្បីបង្កើនភាពប្រកួតប្រជែងលើទីផ្សារ។ លើសពីនេះឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនខិតខំផ្តល់ដំណោះស្រាយបច្ចេកវិទ្យាក្នុងតម្លៃដែលវិស័យឯកជនកាន់តែច្រើនអាចមានលទ្ធភាពប្រើប្រាស់ ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យតាមទាន់និន្នាការពិភពលោក និងលើកម្ពស់ឧស្សាហូបនីយកម្ម ៕