ក្រសួងព័ត៌មាន ជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ
ភ្នំពេញ៖ អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល មានកិត្តិយសសូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជា ពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។
សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ ១. មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ និង២. រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។
ទស្សនកិច្ចទិសឦសានលើកទី១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្ត ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី» ។ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចនេះ តម្រូវឱ្យសាធារណជនចុះឈ្មោះ ជាមុន។
១-ការចុះឈ្មោះ
-ដំណើរទស្សនកិច្ចទិសឦសាន នឹងរៀបចំជូនអ្នកចូលរួមចំនួន ២០០នាក់ ក្នុងមួយលើក
-សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនអាចចុះឈ្មោះជាមុន ជាបុគ្គល ឬជាក្រុម
-ការចុះឈ្មោះធ្វើដំណើរទស្សនកិច្ចខាងលើនេះ នឹងរៀបចំជូនស្របតាមគោលការណ៍ «មកមុន ទទួលបានមុន»
-ដើម្បីចុះឈ្មោះអនឡាញ សូមធ្វើការស្កេន QR Code (ដូចមានជូនភ្ជាប់នៅខាងក្រោម)
២-រយៈពេលដំណើរទស្សនកិច្ច៖ ចំនួន ១ថ្ងៃ
-ដំណើរទស្សនកិច្ចនឹងចាប់ផ្តើមធ្វើដំណើរទៅកាន់ «ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី»
-ចេញដំណើរនៅម៉ោង ៤:០០នាទីព្រឹក និងត្រឡប់មកវិញនៅម៉ោង ១៦:០០នាទីរសៀល
ទីកន្លែងជួបជុំនឹងកំណត់ជាក់ស្តែង។
៣-ផ្តល់ជូនមធ្យោបាយធ្វើដំណើរនិងម្ហូបអាហារដោយឥតគិតថ្លៃ
-អ្នកចូលរួមត្រូវបានផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនរួមទៅវិញទៅមកដោយឥតគិតថ្លៃ
-ផ្តល់ជូនអាហារ ៣ពេល និងភេសជ្ជៈ ដោយឥតគិតថ្លៃនៅអំឡុងពេលធ្វើដំណើរកម្សាន្ត។
ក្រុមការងារ នឹងទំនាក់ទំនងទៅកាន់សាធារណជនជាមុន ដើម្បីជូនដំណឹងនិងត្រៀមលក្ខណៈសម្រាប់ ការធ្វើដំណើរ។ ជាមួយគ្នានេះ មួយថ្ងៃមុននឹងចេញដំណើរទស្សនកិច្ច, ក្រុមការងារនឹងអញ្ជើញអ្នកចូលរួម ដើម្បីស្តាប់ការធ្វើបទបង្ហាញ ដែលរៀបចំឡើងដោយមន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ អ្នកចូលរួមនឹងទទួលបាននូវការផ្តល់ព័ត៌មានលម្អិតពីកម្មវិធីដំណើរទស្សនកិច្ចទិសឦសាននេះ និងឯកសារផ្សេងៗ ៕